ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់ពីលទ្ធភាពក្នុងការបង្កើនការគាំទ្រដើម្បីលើកកម្ពស់ផលិតភាពរបស់កសិករខ្មែរ នៅរោងចក្រអេមរុរ៉ាយស៍ ខេត្តកំពង់ធំ របស់ឧកញ៉ា សុង សារ៉ន។

តាមការបញ្ជាក់ឱ្យដឹង ដំណើរទស្សនកិច្ចរបស់ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ទៅកាន់រោងចក្រអេមរុរ៉ាយស៍ ធ្វើឡើងនៅក្នុងគោលបំណង សិក្សាស្វែងយល់ពីលទ្ធភាពក្នុងការបង្កើនការគាំទ្រដើម្បីលើកកម្ពស់ផលិតភាពរបស់កសិករ ការអនុលោមតាមបទដ្ឋានបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ពាណិជ្ជកម្ម ការវិនិយោគ និងការអភិវឌ្ឍសួនឧស្សាហកម្មកសិ-អាហារ និងជាពិសេសដើម្បីត្រួសត្រាយផ្លូវការតភ្ជាប់ក្រុមហ៊ុននាំចេញអង្ករឈានមុខគេនៅកម្ពុជាមួយ ទៅកាន់ក្រុមហ៊ុនបញ្ជាទិញនៅលើសកលោក តាមរយៈការគាំទ្រពី “កម្មវិធីភាពជាដៃគូ កម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)”។
នៅក្នុងឱកាសនេះ លោកឯកអគ្គរាជទូត បានលើកឡើងអំពីការគាំទ្ររបស់រាជរដ្ឋាភិបាលអូស្រ្តាលីមកកាន់វិស័យស្រូវអង្ករកម្ពុជា ជាពិសេសតាំងពីការបង្កើតនូវកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្រ្តាលី (CAVAC) តាមរយៈកិច្ចសហការជាមួយនឹងវិស័យឯកជន ដែលមានដូចជាអេមរុរ៉ាយស៍, សមាគមអាជីវកម្មដូចជា សហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងការបង្កើតនិងអភិវឌ្ឍនូវពូជស្រូវថ្មីដែលមានភាពល្អប្រសើរឡើង ដើម្បីស្របតាមតម្រូវការរបស់ទីផ្សារអន្តរជាតិ និងពង្រីកទីផ្សារអង្ករកម្ពុជាលើឆាកអន្តរជាតិ។
លោកឯកអគ្គរាជទូត ក៏បានគូសបញ្ជាក់អំពីការបន្តនូវការគាំទ្រពីរាជរដ្ឋាភិបាលអូស្រ្តាលីមកកាន់វិស័យមួយនេះ និងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកសាងនូវនិរន្តរភាព ភាពធន់ និងកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន ជាពិសេសដើម្បីសម្រេចឱ្យបាននូវផែនការនាំចេញអង្ករឱ្យបាន១លានតោននៅឆ្នាំ២០២៥។
ជាការឆ្លើយតប ឧកញ៉ា សុង សារ៉ន បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្ដមានលោកឯកអគ្គរដ្ឋទូតមកកាន់អេមរុរ៉ាយស៍ និងបានកោតសរសើរចំពោះការគាំទ្រកន្លងមករបស់ប្រទេសអូស្ត្រាលីចំពោះវិស័យស្រូវអង្ករកម្ពុជា និងអេមរុរ៉ាយស៍។
លោកឧកញ៉ា ក៏បានកត់សម្គាល់ថា ភាពជាដៃគូជាមួយរាជរដ្ឋាភិបាលអូស្រ្តាលីលើវិស័យកសិកម្មកម្ពុជា តាំងពីកម្មវិធី CAVAC រហូតមកដល់ CAPRED នេះពិតជាមានសារៈសំខាន់សម្រាប់ជំរុញកំណើនឧស្សាហកម្មស្រូវអង្កររបស់កម្ពុជា និងធានាឱ្យកសិករទទួលបានអត្ថប្រយោជន៍ពីការធ្វើឱ្យប្រសើរឡើងនូវផលិតភាព និងការអនុវត្តពាណិជ្ជកម្មដោយយុត្តិធម៌៕





