លោក ជា សុខឡេង អនុប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង និងជាអនុប្រធានផ្នែកឧស្សាហកម្ម-សិប្បកម្ម តំណាងអ្នកឧកញ៉ា ភួ វាសនា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង បានដឹកនាំម្ចាស់សហគ្រាស និងអាជីវករ សរុបចំនួន ៣៤នាក់ ធ្វើដំណើរទស្សនកិច្ចពិព័រណ៍ពាណិជ្ជកម្មនៅទីក្រុងក្វាងចូវ ប្រទេសចិន រយ:ពេល៥យប់៦ថ្ងៃ។

កម្មវិធីដំណើរទស្សនកិច្ចពិព័រណ៍ពាណិជ្ជកម្ម ដែលរៀបចំដោយសភាពាណិជ្ជកម្មខេត្តបាត់ដំបងនេះ ចាប់ពីថ្ងៃទី១៥ ដល់ទី២០ ខែតុលា ឆ្នាំ២០២៤ ក្នុងគោលបំណង ស្វែងយល់អំពីទំនើបកម្មសម័យថ្មីលើវិស័យ SME ដើម្បីពង្រឹងសម្ថភាពក្នុងការផលិត និងកែឆ្នៃនានា។
គួរបញ្ជាក់ថា ក្នុងអាណត្តិ និងតួនាទី ជាអ្នកដឹកនាំសភាពាណិជ្ជកម្មក្នុងមូលដ្ឋានខេត្តរបស់ខ្លួន អ្នកឧកញ៉ា ភួ វាសនា បានដឹកនាំក្រុមការងារពាក់ព័ន្ធ បញ្ចេញសកម្មភាពជួយជំរុញ ការងារសភាពាណិជ្ជកម្មខេត្តឱ្យចេញជាផ្លែផ្កាជាច្រើន។ បេសកកម្មដឹកនាំអាទិភាព របស់អ្នកឧកញ៉ាវ័យក្មេងរូបនេះ គឺការស្វែងរកបញ្ហាប្រឈម ការកសាងបណ្ដាញសហគ្រិន ក្នុងខេត្តបាត់ដំង ជាមួយអ្នកវិនិយោគពីប្រទេសជិតខាង និងបណ្តាប្រទេសធំៗលើពិភពលោក។ ជាពិសេសការផ្សព្វផ្សាយពីកាលានុវត្តភាពអាជីវកម្មលើវិស័យជាច្រើនក្នុងខេត្តបាត់ដំបង ឱ្យកាន់តែទូលំទូលាយ៕




