អ្នកឧកញ៉ា ម៉ៅ ចំណាន ដឹកនាំក្រុមការងារសមាគមសិល្បករខ្មែរ ចូលគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ

ជុំវិញ​ឧកញ៉ា

នៅព្រឹកថ្ងៃទី​១៥ ខែតុលា ឆ្នាំ២០២៤នេះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន​ ប្រធានសមាគមសិល្បករខ្មែរ បានដឹកនាំក្រុមការងារសមាគម ចូលគោរព​ព្រះវិញ្ញាណ​ក្ខន្ធព្រះបរមរតនកោដ្ឋ​នៅ​ព្រះបរមរូប ជិតវិមានឯករាជ្យ។ នេះបើតាម​សមាគមសិល្បករខ្មែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនោះ លោក អ៊ូ ប៊ុណ្ណារ៉ាត់ ហៅនាយក្រឹម តារាកំប្លែងដែលមានប្រជាប្រិយភាពក្នុងប្រទេសកម្ពុជា បានសម្តែងការនឹករលឹកដល់ព្រះអង្គ និងបានរំឭកនូវពីស្នាព្រះហត្ថរបស់ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ដែលបានរំដោះប្រទេសចេញពីរបបអាណានិគមនិយមបារាំង និងទទួលបានឯករាជ្យនៅឆ្នាំ១៩៥៣។

ចំណែកឯ លោក ជួង ជី ហៅនាយកុយវិញ ក៏បានរំឭកដល់ស្នាព្រះហស្ថរបស់សម្តេចតា សម្តេចតាទួត ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ផងដែរ ។ ជាមួយគ្នានេះ លោកបានលើកឡើងថា​ សម្រាប់លោកផ្ទាល់​ជាលើកទី១ហើយ ដែលបានមកគោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋផ្ទាល់នៅព្រះបរមរូប តាមរយៈ​សមាគម​សិល្បករខ្មែរ ក្រោមការដឹកនាំរបស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន។

សូមរំឭកថា ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ព្រះអង្គប្រសូតនៅថ្ងៃអង្គារ ១១កើត ខែកត្តិក ឆ្នាំច ចត្វាស័ក ព.ស. ២៤៦៥ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២។ ព្រះអង្គបានយាងចូលព្រះទិវង្គត កាលពីថ្ងៃចន្ទ ១៥រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស. ២៥៥៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា នាទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន៕