អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងភរិយាលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ បានចុចប៊ូតុងរួមគ្នាបញ្ជាគ្រឿងចក្រ បើកការដ្ឋានសាងសង់រោងចក្រថាមពលអគ្គិសនីរួមបញ្ចូលគ្នានៃឧស្ម័នធម្មជាតិ LNG កម្លាំង 900MW (មេហ្គាវ៉ាត់) ក្រោមទុនវិនិយោគតម្លៃ ១,៣៤១.៨៩លានដុល្លារសហរដ្ឋអាមេរិក មានទីតាំងស្ថិតនៅក្នុងភូមិថ្ម និងភូមិចម្លងគោ ឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង។
កម្មវិធីបើកការដ្ឋានសាងសង់រោងចក្រថាមពលអគ្គិសនីរួមបញ្ចូលគ្នានៃឧស្ម័នធម្មជាតិ LNG នេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង អ្នកឧកញ៉ា ឧកញ៉ា ព្រមទាំងប្រតិភូ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។
ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នឹងក្លាយជាម្ចាស់ ១០០% លើគម្រោងសាងសង់រោងចក្រថាមពលអគ្គិសនីរួមបញ្ចូលគ្នានៃឧស្ម័នធម្មជាតិ LNG នេះ ដោយក្រុមហ៊ុន ត្រូវបានសាងសង់ និងដំណើរការលើមូលដ្ឋានកិច្ចសន្យាសាងសង់ដោយខ្លួនឯង (Build Own Operate) ។ BOO ជាគម្រោងហេដ្ឋារចនាសម្ព័ន្ធក្នុងភាពជាដៃគូរវាងសាធារណៈ-ឯកជន ក្រោមកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយក្រសួងរ៉ែ និងថាមពល និងស្ថាប័នអគ្គិសនីកម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះ រោងចក្រខ្នាតធំមួយនេះ នឹងបំពាក់ឧបករណ៍ផលិតថាមពលជំនាន់ F-class ចំនួនពីរទំនើបចុងក្រោយ ដែលមានប្រសិទ្ធភាពខ្ពស់ និងវដ្តរួមបញ្ចូលគ្នា រវាងឧស្ម័ន និងចំហាយទឹក ដែលមានថាមពលសុទ្ធនីមួយៗ មានកម្លាំងរហូតដល់ 450MW (មេហ្គាវ់ាត់)។
គួរឲ្យដឹងដែរថា ម៉ាស៊ីនទីមួយរបស់រោងចក្រ នឹងសម្រេចប្រតិបត្តិការពាណិជ្ជកម្មនៅខែមេសា ឆ្នាំ២០២៧ខាងមុខ ខណៈដែលដែលអំឡុងពេលនៃដំណើរការសាងសង់ រោងចក្រដ៏ធំនេះ នឹងផ្តល់ការងារចំនួន ២៥០០កន្លែង ក្នុងនោះមានកម្មករដែលរស់នៅក្នុងតំបន់ជាច្រើននាក់ ហើយបន្ទាប់ពីសាងសង់រួច រោងចក្រនឹងដំណើរការដោយបុគ្គលិកចំនួន ៣០០នាក់។ បន្ថែមពីនោះ ម៉ាស៊ីនទាំងអស់នឹងផលិតអគ្គិសនីបានប្រហែល ៦,០០០ GWh ជារៀងរាល់ឆ្នាំ សម្រាប់លក់ទៅឲ្យអាជ្ញាធរអគ្គិសនីកម្ពុជា (EDC) ក្រោមកិច្ចព្រមព្រៀងទិញថាមពល (PPA) រយៈពេល ៣០ឆ្នាំ៕