តើលោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា រូបណាខ្លះ ចូលរួមពិធីបើកការដ្ឋានសាងសង់រោងចក្រ​ផលិតអគ្គិសនីកម្លាំង ៩០០ មេហ្គាវ៉ាត់ របស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប

ជុំវិញ​ឧកញ៉ា

នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ អ្នកឧកញ៉ា​ គិត​ ម៉េង​ ប្រធាន​ និងអគ្គនាយកប្រតិបត្តិក្រុមហ៊ុន​ រ៉ូយ៉ាល់​ គ្រុប​ និងលោកជំទាវ​ អ្នកឧកញ៉ា​ ម៉ៅ​ ចំណាន​ បានអញ្ជើញ​បើកការដ្ឋានសាងសង់​រោងចក្រផលិតថាមពល​អគ្គិសនីដើរដោយឧស្ម័នធម្មជាតិ​ អានុភាព​ ៩០០មេហ្គាវ៉ាត់ ក្រោមទុនវិនិយោគតម្លៃ ១,៣៤១.៨៩លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែលមានទីតាំងស្ថិតនៅក្នុងភូមិថ្ម និងភូមិចម្លងគោ ឃុំថ្មស ស្រុកបុទមសាគរ ខេត្តកោះកុង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីបើកការដ្ឋានសាងសង់រោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិកម្លាំង​ធំជាងគេបំផុតនៅកម្ពុជា នា​ព្រឹកនេះ បាន​​ប្រារព្វ​ធ្វើឡើង​ក្រោម​អធិបតីភាព ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និង​លោក​ជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង មន្ត្រីរាជការ ថ្នាក់ដឹកនាំ បុគ្គលិកក្រុមហ៊ុន យ៉ាង​ច្រើនកុះករ។ ជាមួយគ្នានោះ គេក៏ឃើញមាន​វត្តមាន ​លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ាៗ​មួយ​ចំនួន បាន​អញ្ជើញ​ចូលរួម​ផង​ដែរ រួមមាន៖ លោកអ្នកឧកញ៉ា លី ហួរ, អ្នកឧកញ៉ា ថៃ ជាហួត, អ្នកឧកញ៉ា ឡាវ កាង, អ្នកឧកញ៉ា វិញ ហួរ, អ្នកឧកញ៉ា ផែ ហុកឈួន, អ្នកឧកញ៉ា ហេង សៀ, អ្នកឧកញ៉ា កុក អាន, អ្នកឧកញ៉ា​ ជាម ឃុនណាត, អ្នកឧកញ៉ា ទុយ គី, អ្នកឧកញ៉ា អ៊ាន អេឡែន, អ្នកឧកញ៉ា សុខ ស្រស់, ឧកញ៉ា លឹម សុជាតិ, ឧកញ៉ា ទេព កុលាប និងឧកញ៉ា នួន ពេជ្រសុផល ព្រមទាំង​​ អ្នកឧកញ៉ា ឧកញ៉ា អ្នកជំនួញ​ អ្នកមុខអ្នកការ​ជា​ច្រើន​រូប​ទៀត។

រោងចក្រអគ្គិសនី​ ប្រើប្រាស់ឧស្ម័នធម្មជាតិ​ដែលវិនិយោគដោយក្រុមហ៊ុន​ រ៉ូយ៉ាល់​ គ្រុប​​ នឹងក្លាយជារោង​ចក្រ​ផលិតថាមពល​អគ្គិសនីធំបំផុត​នៅកម្ពុជា​ ដែលគ្រោង​​​ចំណាយពេលសាងសង់រយៈពេល​៣ឆ្នាំ និង​គ្រោង​ដាក់ឱ្យ​ដំណើរការ​ដំណាក់កាលដំបូងនៅខែមេសា ឆ្នាំ២០២៧​ ដើម្បីបំពេញសេចក្តីត្រូវការរបស់អ្នកប្រើប្រាស់ និងធានា​សន្តិសុខថាមពលនៅកម្ពុជា។

គួរបញ្ជាក់ថា កន្លងមក កម្ពុជាបានទិញថាមពលអគ្គីសនីជាច្រើនពីបណ្តាប្រទេសជិតខាងដូចជា ឡាវ ថៃ និងវៀតណាម ដូច្នេះរាជរដ្ឋាភិបាលបាននិងកំពុង​ដាក់​ចេញ​នូវ​គោលនយោបាយ​លើក​ទឹកចិត្ត​ដល់​ក្រុមហ៊ុន​ក្នុងស្រុក​ក្នុងការ​វិនិយោគ​លើ​ថាមពលអគ្គីសនីឱ្យបានច្រើន ដើម្បី​​អាច​ផ្គត់ផ្គង់​បានគ្រប់គ្រាន់។ រោងចក្រអគ្គិសនី​កម្លាំង ៩០០ មេហ្គាវ៉ាត់ របស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ក៏នឹង​​ជួយជំរុញសេដ្ឋកិច្ចជាតិ ជួយទាក់ទាញអ្នកវិនិយោគ ព្រមទាំងបង្កើតការងារយ៉ាងច្រើននៅមូលដ្ឋានផ្ទាល់ផងដែរ៕