នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការនៃសមាគមឧកញ៉ាកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រុមហ៊ុន SMART EDEN និងក្រុមហ៊ុន TROPICAM FRUIT AND VEGETABLE CO., LTD របស់កម្ពុជា ក្រោមអធិបភាពឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ចរវាងអ្នកទិញ (ក្រុមហ៊ុន SMART EDEN) និង អ្នកលក់ (ក្រុមហ៊ុន TROPICAM FRUIT AND VEGETABLE CO., LTD) និងដើម្បីលើកកម្ពស់បន្ថែមទៀតនូវផលិតផលចំណីអាហារ និងកសិផលរបស់កម្ពុជាចូលក្នុងទីផ្សារប្រទេសបារាំង និងសហគមអឺរ៉ុប ទាំង អ្នកទិញ និងអ្នកលក់ បានឯកភាពទាំងស្រុងចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាដែលមានខ្លឹមសារដូចខាងក្រោម៖

អ្នកលក់ នឹងផ្តល់នូវ កសិ-ផលិតផលកម្ពុជា និងចំណីអាហារកែច្នៃដែលមាន គុណភាពល្អ និងសុវត្ថិភាព ព្រមទាំងបរិមាណដឹកជញ្ជូនឱ្យទាន់ពេលវេលាដូចជា អង្ករ ដំណាប់ស្វាយ គ្រាប់ស្វាយចន្ទី ស្ករត្នោត ម្រេច ត្រីងៀត ជាដើម។ល។ ជាមួយតម្លៃប្រកួតប្រជែងនៃទីផ្សារអន្តរជាតិ ផ្តល់ជូន អ្នកទិញ នោះអ្នកទិញនឹងទិញប្រភេទផលិតផល និងចំណីអាហារកែច្នៃដូចដែលបានរៀបរាប់ខាងលើសម្រាប់រយៈពេល ៥ឆ្នាំ ចាប់ពីថ្ងៃចុះហត្ថលេខានៃអនុស្សារណះយោគយល់គ្នានេះតទៅ។

ដោយឡែកជាក់ស្តែង អ្នកលក់ និង អ្នកទិញ បានចុះកិច្ចសន្យា លក់-ទិញ អង្ករ គ្រាប់ស្វាយចន្ទី និងដំណាប់ស្វាយកែច្នៃ ដែលមានគុណភាព និងសុវត្ថិភាពល្អពីកម្ពុជា ដែលនឹងដឹកជញ្ជូនក្នុងរយៈពេល ២សប្តាហ៍ខាងមុខជូនអ្នកទិញ (ការវេចខ្ចប់ប្រេីប្រាស់ជាភាសាខ្មែរ និងបារាំងប៉ុណ្ណោះ)។
អ្នកទិញ សន្យានឹងជំរុញការផ្សព្វផ្សាយផលិតផលរបស់ខ្មែររបស់ អ្នកលក់ ដូចជា គ្រាប់ស្វាយចន្ទី ដំណាប់ស្វាយ អង្ករ ម្រេច ក៏ដូចជាស្រាបៀរ និងផលិតផលខ្មែរជាច្រើនទៀតនៅក្នុងហាងជាង ៦,០០០ របស់អ្នកទិញនៅក្នុងប្រទេសបារាំង។
គួរបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នានេះ ជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត រវាង អ្នកលក់ និង អ្នកទិញកិច្ចសន្យាលក់-ទិញជាផ្លូវការ ភាគីទាំងពីរបានធ្វើដាច់ដោយឡែក ហើយនឹងនាំចេញក្នុងអំឡុងពេលចុងខែតុលា ឆ្នាំ២០២៤នេះ។ ភាគីទាំងសងខាងទទួលស្គាល់ថា គុណភាព បរិមាណ និងតម្លៃពិតប្រាកដនៃប្រភេទផលិតផលនីមួយៗនឹងត្រូវចរចា និងកំណត់ជាក់ស្តែងដោយភាគីទាំងពីរ នៅពេលចុះកិច្ចសន្យាពាណិជ្ជកម្ម៕
