អ្នកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមហ៊ុន Tropicam Fruit and Vegetable Co., Ltd.បានចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុន Overenden/Smarteden នាំចេញផលិតផលសក្ដានុពលកម្ពុជា ចំនួន ៣ប្រភេទ ទៅកាន់ទីផ្សារបោះដុំអឺរ៉ុប។

ការចុះអនុស្សរណៈយោគយល់គ្នានេះ ធ្វើឡើងកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
សូមជម្រាបជូនថា MOU នេះនឹងនាំចេញផលិតសក្ដានុពលរបស់កម្ពុជាចំនួន៣ គឺអង្ករ គ្រាប់ស្វាយចន្ទី និងតំណាប់ស្វាយកែវរមៀត។
គូសបញ្ជាក់ផងដែរថា ក្នុងរយៈពេល៩ខែ នៃឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញអង្ករបានចំនួន ៤៤៥ ៩១៣តោន តាម រយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៤ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៥ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ២២៨ ៧៣១ តោន គិតជាទឹកប្រាក់ចំនួន ១៨៦.៦៧ លានដុល្លារ៕



