អ្នកឧកញ៉ា លី ឃុនថៃ ទីប្រឹក្សាផ្ទាល់ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងជាប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានឱ្យដឹងថា ក្រុមហ៊ុនឯកជនមកពីប្រទេសចិន ក្នុងវិស័យផ្សេងៗគ្នាចំនួនប្រមាណ ៤០ក្រុមហ៊ុន បានមកស្វែងយល់ពីកាលានុវត្តភាព និងបរិយាកាសវិនិយោគជាក់ស្តែងនៅប្រទេសកម្ពុជា។


អ្នកឧកញ៉ាប្រាប់ឱ្យដឹងបែបនេះ ក្នុងពេលផ្ដល់បទសម្ភាសន៍ប្រាប់សារព័ត៌មាននៅក្នុងស្រុកមួយ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ នៅក្រោយវេទិកាកំពូលផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការធុរកិច្ចកម្ពុជា-ចិន លើកទី១ ឆ្នាំ២០២៤។
តាមការបញ្ជាក់ឱ្យដឹងពីអ្នកឧកញ៉ា លី ឃុនថៃ បន្ទាប់ពីសហព័ន្ធអ្នកវិនិយោគកម្ពុជាចុះផ្សព្វផ្សាយពីសក្តានុពលរបស់កម្ពុជាទៅកាន់បណ្តាអ្នកវិនិយោគនៅខេត្តជាច្រើនក្នុងប្រទេសចិនដោយផ្ទាល់ ជាពិសេសតាមរយៈព្រឹត្តការណ៍ពិព័រណ៍ចិន-អាស៊ាន លើកទី២១ ដែលទើបបញ្ចប់នាពេលថ្មីៗមកនេះនៅទីក្រុងណាននីង ទើបធ្វើឱ្យក្រុមហ៊ុនជាង៤០ ចាប់អារម្មណ៍មកសិក្សាស្វែងយល់ពីបរិយាកាសវិនិយោគនៅកម្ពុជា។
អ្នកឧកញ៉ា លី ឃុនថៃ បានបន្ដលើកឡើងថា ដោយសារមើលឃើញពីកត្តាសុខសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ពិសេសក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា អ្នកវិនិយោគទាំងអស់ដែលមកពីបណ្តាក្រុមហ៊ុន នៃប្រទេសចិន បានផ្តោតការចាប់អារម្មណ៍ខ្លាំង ដោយក្នុងនោះបានយករាជធានីភ្នំពេញ ជាគោលដៅ។
អ្នកឧកញ៉ា សង្ឃឹមថា បន្ទាប់ពីវេទិកាធុរកិច្ចនាពេលនេះ ក្រុមប្រតិភូនឹងធ្វើការសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដែលអាចនឹងផ្តល់ឱកាសការងារកាន់តែច្រើនឡើងថែមទៀតជូនដល់ប្រជាពលរដ្ឋក្នុងស្រុក៕


