អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមេនគ្រុប បានអនុញ្ញាតនិងស្វាគមន៍ក្រុមហ៊ុន Doppelmayr និង ក្រុមហ៊ុនConfluences ឱ្យធ្វើការសិក្សាអំពីគម្រោងកន្ត្រកខ្សែកាប (Cable Car) នៅលើភ្នំបូកគោ។

នៅក្នុងជំនួបពិភាក្សាការងារ កាលពីពេលកន្លងទៅថ្មីៗនេះ ឧកញ៉ា សាយ សុភ័ត្រា អនុប្រធានក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមិនគ្រុប បានជួបពិភាក្សាជាមួយលោក Martin Ladner អ្នកគ្រប់គ្រងក្រុមហ៊ុន Doppelmayr អំពីការអភិវឌ្ឍប្រព័ន្ធកន្ត្រកខ្សែកាបនៅលើភ្នំបូកគោ ព្រមទាំងបានអញ្ជើញទៅពិនិត្យមើលទីតាំងផ្ទាល់ផងដែរ ដើម្បីសិក្សាលទ្ធភាពបច្ចេកទេស និងសេដ្ឋកិច្ចនៃការប្រតិបត្តិការគម្រោងកន្ត្រកខ្សែកាបនេះ។
តាមការបញ្ជាក់ឱ្យដឹង គោលបំណងចម្បងនៃគម្រោងនេះ គឺដើម្បីបង្កើនភាពទាក់ទាញផ្នែកទេសចរណ៍នៅខេត្តកំពត ជាពិសេសឧទ្យានជាតិព្រះមុនីវង្សបូកគោ សម្រាប់ទាំងភ្ញៀវទេសចរជាតិនិងអន្តរជាតិ។ ក្រៅពីការទាក់ទាញផ្នែកទេសចរណ៍ គម្រោងកន្ត្រកខ្សែកាបនេះនឹងបង្កើតឱកាសការងារថ្មីៗសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយនឹងរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចជារួមរបស់ប្រទេសកម្ពុជា។
សូមជម្រាបជូនផងដែរថា ខេត្តកំពត គឺជាគោលដៅទេសចរណ៍ដ៏សំខាន់មួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសតំបន់កំពូលភ្នំបូកគោ។ អ្នកឧកញ៉ា សុខ គង់ មានចក្ខុវិស័យ ខិតខំប្រឹងប្រែងអភិវឌ្ឍ និងវិនិយោគភ្នំបូកគោឱ្យក្លាយជាតំបន់ទេសចរណ៍ដែលទាក់ទាញទាំងភ្ញៀវទេសចរជាតិនិងអន្តរជាតិ មកទស្សនា តំបន់ទេសចរណ៍ធម្មជាតិ តំបន់ទេសចរណ៍សាសនា និងតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រសំខាន់ៗជាច្រើន៕








