អ្នកឧកញ៉ា សុខ គង់ ស្វាគមន៍ក្រុមហ៊ុនវិស្វកម្មជប៉ុន NIPPON KOEI មកសិក្សាសក្តានុពលអភិវឌ្ឍន៍​នៅភ្នំបូកគោ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន សូគីម៉ិច អុិនវេសមេនគ្រុប នាពេលថ្មីៗនេះ បាន​អនុញ្ញាត និងស្វាគមន៍គណៈប្រតិភូក្រុមហ៊ុន NIPPON KOEI ដែលជាក្រុមហ៊ុនវិស្វកម្មឈានមុខគេ​មកពី​ប្រទេសជប៉ុន ដើម្បីពិនិត្យ ទស្សនា និងសិក្សាពីសក្តានុពលអភិវឌ្ឍន៍​នៅតំបន់ភ្នំបូកគោ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយមានការចាត់តាំងពី អ្នកឧកញ៉ា សុខ គង់ បានអនុញ្ញាតឱ្យ ឧកញ៉ា សាយ សុភ័ត្រា អនុប្រធាន​ក្រុមហ៊ុន សូគីមុិច អុិនវេសមិនគ្រុប ដឹកនាំគណៈប្រតិភូក្នុងដំណើរទស្សនកិច្ច ដើម្បីពិនិត្យមើលហេដ្ឋារចនា​សម្ព័ន្ធ​​និងការអភិវឌ្ឍវិស័យទេសចរណ៍បច្ចុប្បន្ននៅឧទ្យានជាតិព្រះមុន្នីវង្សបូកគោ ក្នុងគោលបំណង ដើម្បីសិក្សា​ស្វែង​រកឱកាសអភិវឌ្ឍន៍ថ្មីៗបន្ថែមនៅក្នុងតំបន់។

ក្រុមហ៊ុន NIPPON KOEI បានបង្ហាញពីចំណាប់អារម្មណ៍ និងមើលឃើញថា ភ្នំបូកគោមិនត្រឹមតែជាតំបន់​ទេសចរណ៍​ប៉ុណ្ណោះទេ ថែមទាំងជាតំបន់សក្តានុពលសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងការថែរក្សា​បរិស្ថាន​ធម្មជាតិផងដែរ។

ការមកដល់របស់ក្រុមហ៊ុន NIPPON KOEI គឺជាសញ្ញាវិជ្ជមានមួយសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ និង​ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ ក្រុមហ៊ុនវិស្វកម្មជប៉ុននេះ បានបង្ហាញការចាប់អារម្មណ៍​យ៉ាងខ្លាំងលើ​សក្តានុពល​អភិវឌ្ឍន៍របស់ភ្នំបូកគោដែលជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយនៃព្រះរាជាណាចក្រកម្ពុជា។ ការមក​ដល់របស់ក្រុមហ៊ុននេះ ក៏ជាសក្ខីភាពបង្ហាញពីការចាប់អារម្មណ៍របស់វិនិយោគិនអន្តរជាតិ លើឱកាសវិនិយោគ និងអភិវឌ្ឍន៍នៅតំបន់ភ្នំបូកគោ ខេត្តកំពត ព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបជូនផងដែរថា ខេត្តកំពត គឺជាគោលដៅទេសចរណ៍ដ៏សំខាន់មួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសតំបន់កំពូលភ្នំបូកគោ។ អ្នកឧកញ៉ា សុខ គង់ មានចក្ខុវិស័យ ខិតខំប្រឹងប្រែងអភិវឌ្ឍ និងវិនិយោគភ្នំបូកគោឱ្យក្លាយជាតំបន់ទេសចរណ៍ដែលទាក់ទាញទាំងភ្ញៀវទេសចរជាតិនិងអន្តរជាតិ មកទស្សនា តំបន់ទេសចរណ៍ធម្មជាតិ តំបន់ទេសចរណ៍សាសនា និងតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រសំខាន់ៗជាច្រើន៕