នាល្ងាចថ្ងៃព្រហស្បតិ៍ ទី ២៤ ខែតុលា ឆ្នាំ២០២៤ អ្នកឧកញ៉ា លី ឃុនថៃ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមពិធីអបអរសាទរទិវាបុណ្យជាតិហុងគ្រី ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។

កម្ពុជា-ហុងគ្រី កំពុងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំថែមទៀត។ ជាក់ស្តែង នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Tibor BALOGHDI ឯកអគ្គរដ្ឋទូតនៃប្រទេសហុងគ្រី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។
ក្នុងជំនួបនោះដែរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព ជាប្រពៃណី និងទំនាក់ទំនង និងសហប្រតិបត្តិការដ៏ជិតស្និទ្ធ រវាងប្រទេសទាំងពីរ និងបានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការល្អប្រសើររវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ តាមរយ:ការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់ និងយន្តការពិគ្រោះយោបល់ទ្វេភាគី។
គួរបញ្ជាក់ថា ពិធីអបអរសាទរទិវាបុណ្យជាតិហុងគ្រី កាលពីម្សិលមិញនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន (គណៈកម្មការទី៥) នៃរដ្ឋសភា ផងដែរ។ ឯកឧត្តម សួស យ៉ារ៉ា ទើបទទួលបានគ្រឿងឥស្សរិយយសសហមេត្រីសម្រាប់ឧត្តមមន្រ្តីជាន់ខ្ពស់ការទូត ( The Officers’ Cross of the Order of Merit of the Republic of Hungry) ផ្តល់ជូនដោយឯកឧត្តមបណ្ឌិត តាម៉ាស ស៊ុលីយុក (Tamás SULYOK) ប្រធាននាធិបតីនៃប្រទេសហុងគ្រី ក្នុងឱកាសដ៏វិសេសនៃថ្ងៃបុណ្យជាតិរបស់ប្រទេសហុងគ្រី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤៕







