អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំអេចប្រេស កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ បានជួបសំណេះសំណាល និងឧបត្ថម្ភដ្រូនម៉ាក DJI Mavic 3T ចំនួន ១គ្រឿងតម្លៃប្រមាណ ៥,៩០០ដុល្លារ ជូនលោក តាន់ គឹមសួរ ដើម្បីជួយសម្រួលការងារក្នុងការថែរក្សានូវសម្បត្តិធនធានធម្មជាតិរបស់ប្រទេសកម្ពុជា។
លោក តាន់ គឹមសួរ ប្រធានសមាគមយុវជនស្រលាញ់ធម្មជាតិ បានបង្ហាញសារថ្លែងអំណរគុណដល់អ្នកឧកញ៉ា សួរ វីរៈ លើទំព័រហ្វេសប៊ុក កាលពីយប់ថ្ងៃសុក្រ ដូច្នេះថា៖ “នេះគឺជាមហាកិត្តិយស និងសំណាងមួយដែលខ្ញុំមានឱកាស បានជួបសំណេះសំណាលជាមួយអ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុនវិរៈប៊ុនថាំ Vireak Buntham Express Travel & Logistic និងទទួលបាននូវអនុសាសន៍ណែនាំល្អៗជាច្រើន”។
លោក តាន់ គឹមសួរ បានបន្តថា លោកពិតជាមានសេចក្ដីរំភើបចិត្តយ៉ាងខ្លាំងដែលទទួលបានការឱ្យតម្លៃ ផ្ដល់នូវទំនុកចិត្ត និងបានរួមចំណែកជាមួយគ្នាដោយឧបត្ថម្ភនូវដ្រូន DJI Mavic 3T ដែលមានតម្លៃរហូតទៅដល់ ៥,៩០០ដុល្លារ។ ដ្រូនមួយនេះគឺនឹងអាចជួយសម្រួលដល់កិច្ចការក្រុមការងាររបស់លោកជាច្រើន។
លោក តាន់ គឹមសួរ ក៏បានជម្រាបទៅអ្នកឧកញ៉ាថា ដ្រូននេះ លោក នឹងយកទៅប្រើប្រាស់ឱ្យក្លាយទៅជាប្រយោជន៍ក្នុងការថែរក្សានូវសម្បត្តិធនធានធម្មជាតិគ្រប់ទីកន្លែងដែលត្រូវការតែម្ដង។ លោកសូមជូនពរអ្នកឧកញ៉ា និងក្រុមគ្រួសារក្រុមហ៊ុនវិរៈប៊ុនថាំទាំងអស់គ្នា ឱ្យជួបតែសេចក្ដីសុខ សេចក្ដីចម្រើន ជាពិសេសគឺទទួលបាននូវសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ចទាំងអស់។
សូមជម្រាបថា អ្នកឧកញ៉ា សួរ វីរៈ ជាអគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស ដែលជាក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងសេវាកម្មបញ្ញើរឆាប់រហ័ស ឈានមុខគេនៅកម្ពុជា និងជាម្ចាស់រីសត ជាច្រើនកន្លែង រួមមាន កោះស្តេចរីសត, កោះអភិជន រីសត, ភីដូម៉ា រីសត (Pidoma Resort) , ឧទ្យានបោះតង់គិរីរម្យ រំហើយ រីស៊ត, និងរំដួល រីស៊ត ព្រមទាំងរីសត ជាច្រើនកន្លែងទៀត។ អ្នកឧកញ៉ា ជាអ្នកជំនួញមួយរូប ដែលតែងតែគិតឃើញនូវជំនួញថ្មីៗ មិនធ្លាប់មានក្នុងប្រទេសកម្ពុជា និងតែងគិតគូពីសង្គមជាតិ។ អ្នកឧកញ៉ា ក៏ទើបឈ្នះពានរង្វាន់ម្ចាស់អាជីវកម្ម និងជាសហគ្រិនឆ្នើមតំបន់អាស៊ាន ប្រចាំឆ្នាំ២០២៤ ដោយសារការរួមចំណែកជួយអភិវឌ្ឍដល់សហគមន៍ ឬប្រជាជនក្នុងតំបន់ផងដែរ៕