ឧកញ៉ា ខេមរៈ សិរីមន្ត ថាពិតជាមានកិត្តិយសណាស់ ដែលបានសម្តែងជាតួអង្គព្រះបាទជ័យវរ្ម័នទី៧

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ខេមរៈ សិរីមន្ត កំពូលតារាចម្រៀងផលិតកម្ម Galaxy Navatra បាន​លើកឡើង​ថា ខ្លួន​ពិត​ជា​មាន​កិត្តិយស​ណាស់ ​ដែល​ត្រូវ​បាន​ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ ជ្រើសរើស​ឱ្យ​សម្តែង​ជា​តួអង្គ​ព្រះបាទជ័យវរ្ម័នទី៧ ​​ នៅក្នុង​ព្រឹត្តិការណ៍ ស្នាមញញឹមនៃកម្ពុជា លើកទី២ នា​ថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២៤នេះ ខណៈ​ដែល​លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ សម្តែង​ជា​ព្រះនាង ឥន្ទ្រទេវី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រឹត្តិការណ៍ ស្នាមញញឹមនៃកម្ពុជា លើកទី២ ក្រោមគំនិតផ្តួចផ្តើមរបស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ​កំពុង​ចាប់ផ្តើម​ដំណើរការ​ជាផ្លូវការ​ នៅ​ព្រឹក​ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤នេះ ក្រោម​អធិបតីភាព​លោកជំទាវ​បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ​ព្រឹត្តិការណ៍នេះ ត្រូវបាន​ធ្វើ​ឡើង​ដើម្បីអបអបអរសាទរ ព្រះរាជពិធីបុណ្យ​ខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណាព្រះបាទ​សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅ​ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤នេះ​ផងដែរ។

នៅលើទំព័រហ្វេសប៊ុក នា​ព្រឹក​ថ្ងៃទី២៩ ខែតុលា​នេះ លោក​ឧកញ៉ា ខេមរៈ សិរីមន្ត បាន​គូស​បញ្ជាក់​ដូច្នេះថា៖ “ខ្ញុំ​បាទ ខេមរៈ សិរីមន្ត ពិតជាមាន​មហាកិត្តិយស​ខ្លាំងមែនទែន​ ដោយ​ទទួល​បាន​កិត្តិយស​សម្តែង​ជា​តួអង្គ​ព្រះបាទ​ជ័យវរ្ម័ន​ទី៧ នៅក្នុង​មហាព្រឹត្តិការណ៍​ដ៏​ធំ​អស្ចារ្យ គឺ​កម្មវិធី​ស្នាម​ញញឹម​កម្ពុជា ដើម្បី​បង្ហាញ​នូវ​វប្បធម៌ អរិយធម៌ នា​សម័យ​អាណាចក្រអង្គរ​ដ៏​បវរនៃ​យើង”។

លោកឧកញ៉ា បាន​ឱ្យដឹង​ទៀត​ថា ការ​សម្តែង​ទ្រង់ទ្រាយធំ​នេះ មាន​ការ​ចូលរួមពី​សិល្បករ​សិល្បការិនី​រាប់​ពាន់​នាក់។ ជាពិសេស លោកជំទាវ​អ្នកឧកញ៉ា ម៉ៅ ចំណាន ដែលបាន​ចំណាយ​ពេលវេលា​ដ៏​មាន​តម្លៃ មក​សម្តែង​ជា​តួអង្គ​ព្រះនាង​ ឥន្ទ្រទេវី ដែលជា​អគ្គព្រះមហេសី របស់​ព្រះបាទជ័យវរ្ម័ន​ទី៧។ លោក​ឧកញ៉ា បន្ត​ថា លោកពិត​ជា​មាន​ក្តី​រំភើប និង​សូម​កោតសរសើរ​ដល់​សិល្បករ​សិល្បការិនី​រាប់ពាន់​នាក់ ដែលបាន​ដាក់​ចិត្ត​ដាក់កាយ​ ដើម្បី​បុព្វហេតុនៃ​ទេសចរណ៍កម្ពុជា ដោយបាននាំ​គ្នា​មក​ហាត់សម​ជា​ច្រើន​ថ្ងៃ ពុំ​ខ្លាច​នឿយហត់។

​គួរបញ្ជាក់ថា ​ព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» ត្រូវបាន​ផ្តួចផ្តើម​គំនិត​ឡើង​ដោយ​ លោកជំទាវ​អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធាន​សមាគមសិល្បករខ្មែរ ក្នុងគោលបំណង​រួមចំណែកបង្កើតស្នាដៃផ្សព្វផ្សាយវប្បធម៌ អរិយធម៌ បរិយាកាស និងស្នាមញញឹម​ជូនដល់ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ និងជាផ្នែកមួយជួយដល់កំណើន​សេដ្ឋកិច្ច​ជាតិ​ផងដែរ៕