លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ាៗរូបណាខ្លះ ចូលរួមពិធីបើកព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា”?

ជុំវិញ​ឧកញ៉ា

ពិធីបើកព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា” លើកទី២ ត្រូវបាន​ប្រារព្វ​ធ្វើឡើង នាបរិវេណអង្គរវត្ត ខេត្តសៀមរាប នៅព្រឹកថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រឹត្តិការណ៍ដ៏ធំ​អស្ចារ្យ ដែលមាន​សិល្បករ សិល្បការិនី និង​អ្នកចូលរួម​រាប់ពាន់នាក់ ​ក៏​មាន​វត្តមាន លោក​អ្នកឧកញ៉ា អ្នកឧកញ៉ា និង​ឧកញ៉ាៗ​មួយ​ចំនួន បាន​អញ្ជើញ​ចូលរួម​ផងដែរ។ ក្នុងនោះ​គេ​ឃើញ​មាន​វត្តមាន លោក​អ្នកឧកញ៉ា លាង ឃុន, លោកជំទាវ​អ្នកឧកញ៉ា គៀន ស្រីនាង ភរិយា​លោកអ្នកឧកញ៉ា ទ្រី ភាព, លោកជំទាវ​អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគម​សិល្បករខ្មែរ និង​ជា​អ្នក​ផ្តួចផ្តើម​កម្មវិធី, ឧកញ៉ា ខេមរៈ សិរីមន្ត, ឧកញ៉ា ឡោក ដារិទ្ធ និងភរិយា អ្នកស្រី សុខ រស្មី, លោកស្រីឧកញ៉ា ឆេង ស្រីរ័ត្ន ដែលមហាជន​ភាគ​ច្រើន​ហៅថា មាំមី Love Riya។

រីឯនៅរសៀល​ថ្ងៃទី២៩ ខែតុលា ព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា” បាន​បន្ត​របៀបវារៈពិធីដង្ហែក្បួនព្រះ​មហាក្សត្រ​សម័យ​អង្គរដ៏អស្ចារ្យ នៅប្រាសាទអង្គរវត្ត។ ការដង្ហែព្រះបាទជ័យវរ្ម័នក្នុងព្រឹត្តិការណ៍នេះ គឺដើម្បី​រំលឹកអំពីវីរភាពរបស់ព្រះអង្គ ដែលបានបន្សល់ទុកឱ្យកូនខ្មែរជំនាន់ក្រោយចងចាំ ហើយព្រឹត្តិការណ៍នេះក៏រំឭក​ដល់សិល្បៈ និងវប្បធម៌ដ៏ថ្កុំថ្កើង នាសម័យនោះ។

ក្នុងពិធីដង្ហែរនេះ លោកឧកញ៉ា ខេមរៈ សិរីមន្ត សម្តែងជាតួអង្គ ព្រះបាទ ជ័យវរ្ម័នទី៧ និងលោកជំទាវ​អ្នកឧកញ៉ា ម៉ៅ ចំណាន ដើរតួសម្ដែងជា ព្រះនាងឥន្ទ្រទេវី ដែលជាវីរក្សត្រីយ៍ខ្មែរមួយអង្គនាសម័យអង្គរ ដែលមិនត្រឹមតែមានព្រះរូបឆោមលោមពណ៌ល្អឥតមាននរណាផ្ទឹមបានប៉ុណ្ណោះទេ ព្រះនាងថែមទាំងមានវិជ្ជា​សម្បត្ដិខ្ពង់ខ្ពស់​ឈ្លាសវៃក្នុងការសិក្សា ហើយនិងចេះដឹងនូវក្បួនច្បាប់ទាំងឡាយយ៉ាងជ្រៅជ្រះទៀតផង។

គួរបញ្ជាក់ថា កម្មវិធី «ស្នាមញញឹមនៃកម្ពុជា» ជាមធ្យោបាយមួយក្នុងការពង្រឹងស្មារតី​នៃកម្ពុជាដែលគួរឱ្យ​ស្រលាញ់​ដែលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ។ ព្រឹត្តការណ៍នេះមិនត្រឹមតែមានន័យជាការអបអរសាទរ​នៅលើការ​សម្ដែងស្នាមញញឹមនោះទេ ប៉ុន្តែក៏ជាការបង្កើនភាពរួបរួម និងការប្តេជ្ញាក្នុងការអភិវឌ្ឍសហគមន៍​ជាមួយគ្នា។ ព្រឹត្តិការណ៍នេះ ក៏ជាសកម្មភាពសង្គម ដែលបង្កើតឡើងដើម្បីលើកកម្ពស់វិស័យទេសចរណ៍ តាមរយៈ​ការចែករំលែកនូវទំនៀមទម្លាប់ និងមេរៀននៃស្នាមញញឹម ដែលបង្ហាញពីមិត្តភាពរបស់ប្រជាជន​កម្ពុជាផងដែរ៕