ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ បានចេញព្រះរាជក្រឹត្យ ស្តីពីគោរមងារឧកញ៉ា ដែលមាន១១ជំពូក និង២១មាត្រា។

ព្រះរាជក្រឹត្យនេះកំណត់អំពីគោលការណ៍ លក្ខខណ្ឌ បែបបទ និងនីតិវិធីក្នុងការផ្តល់គោរមងារឧកញ៉ា ជាការលើកទឹកចិត្តដល់រូបវន្តបុគ្គលជាប្រជាពលរដ្ឋខ្មែរ ដែលមានគុណសម្បត្តិ ស្នាដៃ និងគុណបំណាច់ធំធេងក្នុងការចូលរួមអភិវឌ្ឍ និងកសាងជាតិ ព្រមទាំងការគ្រប់គ្រង និងការបញ្ចប់គោរមងារឧកញ៉ា ដើម្បីធានាបាននូវគុណតម្លៃ សេចក្តីថ្លៃថ្នូរ ទំនៀមទម្លាប់ ប្រពៃណីល្អ សណ្តាប់ធ្នាប់សាធារណៈ សន្តិសុខជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
គោរមងារឧកញ៉ា សំដៅដល់ងារកិត្តិយស ដែលព្រះមហាក្សត្រទ្រង់ព្រះរាជទានដោយព្រះរាជក្រឹត្យទៅតាមលំដាប់ថ្នាក់ ដល់រូបវន្តបុគ្គលជាប្រជាពលរដ្ឋខ្មែរដែលមានគុណបំណាច់ក្នុងការចូលរួមអភិវឌ្ឍនិងកសាងជាតិ។ គោរមងារឧកញ៉ា នៅកម្ពុជាបច្ចុប្បន្ន តាមរយៈព្រះរាជក្រឹត្យថ្មីនេះ មាន៣លំដាប់ថ្នាក់គឺ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា។
គួររំឭកថា កាលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក៏បានត្រាស់បង្គាប់ចេញព្រះរាជក្រឹត្យស្តីពីគោរមងារឧកញ៉ា តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/១០២៣/២២៥០ ផងដែរ។ ទោះយ៉ាងណា ព្រះរាជក្រឹត្យថ្មីនេះ បាននិរាករណ៍បទដ្ឋានគតិយុត្តមុនៗវិញ៕







