ព្រះរាជក្រឹត្យថ្មី! លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា មិនតម្រូវឱ្យបង់ថវិកាប្រចាំឆ្នាំជូនរាជរដ្ឋាភិបាលទៀតទេ

ជុំវិញ​ឧកញ៉ា

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ បានចេញ​ព្រះរាជក្រឹត្យ (ថ្មី) ស្តីពីគោរមងារឧកញ៉ា ដែលមាន១១ជំពូក និង២១មាត្រា។ ព្រះរាជក្រឹត្យថ្មីនេះ ពុំបានចងកាតព្វកិច្ច តម្រូវឱ្យ​លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ត្រូវ​បង់វិភាគទាន​ប្រចាំឆ្នាំ​ជូនរាជរដ្ឋាភិបាលដូចព្រះរាជក្រឹត្យ​ចាស់​នោះ​ទេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមព្រះរាជក្រឹត្យ (ចាស់) ស្តីពីគោរមងារឧកញ៉ា លេខ នស/រកត/១០២៣/២២៥០ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ មាត្រា២១ មាន​​វាក្យខណ្ឌមួយ​បាន​ចែងថា៖ “លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា មាន​​កាតព្វកិច្ច​បង់វិភាគទាន​ប្រចាំឆ្នាំ ដើម្បីចូលរួមចំណែកកសាង​និង​អភិវឌ្ឍ​ប្រទេសជាតិ លើកលែងតែ​គោរមវន្ត​ដែលមានចំណេះជំនាញ​ពិសេស​លើវិស័យណាមួយ ហើយមានការទទួលស្គាល់ជាផ្លូវការពីស្ថាប័នុមាន​សមត្ថកិច្ច​ជាតិឬអន្តរជាតិ។

ដោយឡែក​ព្រះរាជក្រឹត្យ ស្តីពីគោរមងារឧកញ៉ា (ថ្មី) ពុំបាន​ចងកាតព្វកិច្ច​បង់វិភាគទានប្រចាំឆ្នាំទៀតនោះទេ។ ក្នុងនោះ មាត្រា១៦ បាន​ចែងថា លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា មាន​​សិទ្ធិនិងកាតព្វកិច្ច ដូចខាងក្រោម៖

១.ទទួលបាននូវការផ្តល់ងារជាតិកិត្តិយស ការលើកទឹកចិត្ត និងឯកសណ្ឋានផ្លូវការ ឬការចាត់តាំង​ក្នុងមុខងារ​ ដែលមិនត្រូវបានហាមឃាត់​ក្នុងព្រះរាជក្រឹត្យនេះ និងលិខិតបទដ្ឋានគតិយុត្ត​ជាធរមាន
២.អាចលើកសំណូមពរឬសំណើផ្សេងៗ តាមរយៈសមាគមឧកញ៉ាកម្ពុជា មក​រាជរដ្ឋាភិបាល ដើម្បីពិនិត្យនិង​ដោះស្រាយ
៣.ចូលរួមថែរក្សា ការពារ​វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អរបស់ជាតិ
៤.ចូលរួមចំណែកកសាងនិងអភិវឌ្ឍប្រទេសជាតិ​តាមការអំពាវនាវ​ឬសំណូមពរ​របស់រាជរដ្ឋាភិបាល
៥.ចូលរួមលើកកម្ពស់ កិច្ចការសង្គម និងការងារមនុស្សធម៌ផ្សេងៗ
៦.ចូលរួមផ្តល់ព័ត៌មានដល់សមាគមឧកញ៉ាកម្ពុជា ក្នុងការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះគោរមវន្ត។

សូមជម្រាបថា អនុក្រឹត្យស្ដីពីបែបបទ និងនីតិវិធីនៃការស្នើសុំ និងវាយតម្លៃក្នុងការផ្តល់គោរមងារឧកញ៉ា និង​ការបញ្ចប់គោរមងារឧកញ៉ា លេខ ១២៩ អនក្រ.បក ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ដែលមាត្រា២៤ បាន​ចែងថា​គោរមវន្ដដែលមានគោរមងារលោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ត្រូវមានភារកិច្ចនៅក្នុង​ការបង់​វិភាគទាន​ជូនរដ្ឋាភិបាលជារៀងរាល់ឆ្នាំ ប្រហែលចាប់ពី ៨ពាន់ដុល្លារ ១ម៉ឺន៥ពាន់ដុល្លារ និង១០ម៉ឺនដុល្លារ ត្រូវបាន​នារាករណ៍​វិញផងដែរ៕