នាព្រឹកថ្ងែសុក្រ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ពិសារអាហារពេលព្រឹកជាមួយ អ្នកឧកញ៉ា ម៉ុង ឫទ្ធី សមាជិកព្រឹទ្ធសភា និងជាអគ្គនាយក ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ពិភាក្សាពីរឿងសំខាន់ៗចំនួនពីរគឺ ការផលិតជីសរីរាង្គធម្មជាតិ លក់ជូនប្រជាកសិករក្នុងតម្លៃទាបជាងទីផ្សារ និងជួយជំរុញពង្រីកវិស័យទេសចរណ៍ធម្មជាតិឱ្យកាន់តែច្រើន។
អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានបង្ហាញឱ្យដឹងលើទំព័រហ្វេសប៊ុក នាព្រឹកដើមខែថ្មីនេះ យ៉ាងដូច្នេះថា៖ “ថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង៨ព្រឹក សម្តេចមហាបវរធិបតី បានផ្តល់កិត្តិយសដ៏មហាខ្ពង់ខ្ពស់បំផុត ពិសារអាហារពេលព្រឹកពិភាក្សាលើវិស័យផលិតជីសរីរាង្គ(ជីធម្មជាតិ) ដើម្បីលក់ចែកជូនប្រជាកសិករយើងក្នុងតម្លៃទាបជាងជីនាំចូលមកពីបរទេស និងជួយជំរុញពង្រីកវិស័យទេសចរណ៍ធម្មជាតិឱ្យកាន់តែច្រើនបន្ថែមទៀត”។
លើសពីនេះ អ្នកឧកញ៉ា បានឱ្យដឹងទៀតថា ក្រោយពីបានជួបពិភាក្សារយៈពេលមួយម៉ោងដប់ប្រាំនាទីរួចមក លោកសូមកោតសរសើរ និងវាយតម្លៃខ្ពស់បំផុត ចំពោះសម្តេចធិបតីឈ្លាសវៃដ៏ខ្ពង់ខ្ពស់បំផុត ស្ទើរតែគ្រប់ពាក្យទាំងអស់ គឺសម្តេចគិតគូរតែពីផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។
ជាចុងក្រោយ អ្នកឧកញ៉ា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដែលសម្តេចបានផ្តល់កិត្តិយសដល់រូបលោកនាឱកាសនេះ។ អ្នកឧកញ៉ា ប្តេជ្ញាថានឹងខិតខំប្រឹងប្រែងរកគ្រប់មធ្យោបាយ ដើម្បីអនុវត្តឱ្យបានតាមអនុសាសន៍របស់សម្តេច ដើម្បីបានចូលរួមចំណែកបម្រើជាតិប្រជាជន លើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍ធម្មជាតិ។
សូមជម្រាបថា អ្នកឧកញ៉ា ម៉ុង ឫទ្ធី ត្រូវបានគេស្គាល់ថា ជាមហាសេដ្ឋីក្នុងមុខជំនួញកសិ-ឧស្សាហកម្ម ធំបំផុតក្នុងប្រទេសកម្ពុជា ដែលមានចំការដូងប្រេងជាច្រើនហិកតា។ អ្នកឧកញ៉ា ក៏ជាម្ចាស់តំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ ដែលជាតំបន់ទេសចរណ៍កែច្នៃបែបធម្មជាតិ រួមមានទាំង ទីលានប្រណាំងរថយន្ត ឡូរីជិះកម្សាន្តប្រវែង១០គីឡូម៉ែត្រ ដែលកំពុងពេញនិយមខ្លាំង ព្រមទាំងមានសួនសត្វជាច្រើនប្រភេទផងដែរ៕