សាលាបឋមសិក្សា ទ្រី ភាព បឹងទន្លេម្រេច ដែលផ្តួចផ្តើមបង្កើតឡើងដោយ លោកអ្នកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុន ទ្រី ភាព គ្រុប មានទីតាំងស្ថិតក្នុងភូមិបឹងទន្លេម្រេច ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ ត្រូវបើកជាសាលាបឋមសិក្សាពេញលក្ខណៈ ចាប់ពីឆ្នាំសិក្សា ២០២៤-២០២៥។ នេះបើតាមប្រកាសលេខ ១៧២៦ អយក.ប្រក របស់ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។

កាលពីដើមឡើយសាលាបឋមសិក្សានេះ គឺជាសាលាបឋមសិក្សាក្រៅប្រព័ន្ធមួយ ដែលត្រូវបាន លោកអ្នកឧកញ៉ា ទ្រី ភាព និងលោកជំទាវអ្នកឧកញ៉ា គៀន ស្រីនាង សាងសង់ឡើង ដើម្បីផ្ដល់ការងារអប់រំដល់កូនៗរបស់បុគ្គលិក-កម្មករ ដែលបម្រើការងារនៅចំការកៅស៊ូ ទ្រី ភាព បឹងទន្លេម្រេច ក៏ដូចជាកូនៗរបស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតំបន់នោះអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ លោកអ្នកឧកញ៉ា ទ្រី ភាព និងលោកជំទាវអ្នកឧកញ៉ា ព្រមទាំងថ្នាក់ដឹកនាំពាក់ព័ន្ធរបស់ក្រុមហ៊ុន តែងតែយកចិត្តទុកដាក់ខ្ពស់លើការបង្រៀន និង រៀនរបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាប់ជានិច្ច។
ដោយមើលឃើញពីកំណើននៃសិស្សានុសិស្ស ក៏ដូចជាដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យអប់រំនៅក្នុងខេត្ត ព្រមទាំងមូលដ្ឋាន លោកអ្នកឧកញ៉ា ទ្រី ភាព និងលោកជំទាវអ្នកឧកញ៉ា បានផ្ដល់ជូននូវចំណងដៃថ្មីមួយទៀតដល់លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សគឺអគារសាលាបឋមសិក្សាថ្មី ដែលមានដំបូលប្រក់ក្បឿងមួយខ្នងកម្ពស់ ០២ ជាន់ ១១ បន្ទប់ (ក្នុងនោះមានបន្ទប់ទីចាត់ការចំនួន ០១ បន្ទប់) ដោយចំណាយថវិកាអស់ចំនួន ២៦០.០០០ (ពីរសែនហុកសិបពាន់) ដុល្លារអាមេរិក។ ចំនួនថវិកានេះ គឺចំណាយសម្រាប់តែការសាងសង់អគារសាលាប៉ុណ្ណោះ មិនទាន់រាប់បញ្ចូលការចំណាយលើតុ កៅអី សម្ភារៈប្រើប្រាស់ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅសាលានៅឡើយ។
គួរបញ្ជាក់ថា ដើម្បីឱ្យសាលានេះពេញលក្ខណៈជាសាលាបឋមសិក្សា ឬជាសាលាបឋមសិក្សាក្នុងប្រព័ន្ធ លោកអ្នកឧកញ៉ា ទ្រី ភាព និងលោកជំទាវអ្នកឧកញ៉ា បានស្នើសុំទៅស្ថាប័នមានសមត្ថកិច្ចក្នុងការដាក់បញ្ចូលសាលាបឋមសិក្សា ទ្រី ភាព បឹងទន្លេម្រេច ជាសាលាបឋមសិក្សាក្នុងប្រព័ន្ធ រហូតបានទទួលស្គាល់ពី ក្រសួងអប់រំ យុវជន និងកីឡា ជាសាលាឋមសិក្សាពេញលក្ខណៈ ចាប់ពីឆ្នាំសិក្សា ២០២៤-២០២៥ នេះតទៅ៕





