លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អមដោយថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងពាណិជ្ជកម្ម និងលោកជំទាវអ្នកឧកញ៉ា គួន ធីតា ប្រធានក្រុមប្រឹក្សាភិបាល នៃមន្ទីរពេទ្យអន្ដរជាតិ អរៀនដា និងជាសមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងពាណិជ្ជកម្ម និងមន្ទីរពេទ្យអន្ដរជាតិ អរៀនដា កាលពីរសៀលថ្ងៃទី១ ខែវិចិ្ឆកា ឆ្នាំ២០២៤។

តាមរយៈអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងពាណិជ្ជកម្ម និងមន្ទីរពេទ្យអន្តរជាតិអរៀនដា នឹងផ្តល់ជូននូវអត្ថប្រយោជន៍ដ៏ពិសេសជូនដល់ ថ្នាក់ដឹកនាំ និងក្រុមគ្រួសារនៃមន្ត្រីក្រសួងពាណិជ្ជកម្ម ដូចជា ការបញ្ចុះតម្លៃពី ២០% រហូតដល់ ៥០% ជាដើម។
អ្នកឧកញ៉ា គួន ធីតា ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល នៃមន្ទីរពេទ្យអន្តរជាតិ អរៀនដា បានថ្លែងថា មន្ទីរពេទ្យដ៏ទំនើប និងមានស្តង់ដារអន្តរជាតិមួយនេះ មានចក្ខុវិស័យចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកស្ទួយវិស័យសុខាភិបាលឱ្យកាន់តែល្អប្រសើរ តាមរយៈការផ្តល់ជូននូវគុណភាព និងស្តង់ដារអន្តរជាតិ ប៉ុន្តែមានតម្លៃសមរម្យ ដើម្បីឱ្យប្រជាពលរដ្ឋខ្មែរដែលមានជំងឺមិនចាំបាច់ស្វែងរកការព្យាបាលនៅក្រៅប្រទេស។ ម៉ាងទៀតមន្ទីរពេទ្យនេះបានយកចិត្តទុកដាក់ខ្លាំងទៅលើសេវាកម្ម និងគុណភាពនៃការព្យាបាលដោយ បានប្រមូលផ្តុំនូវវេជ្ជបណ្ឌិត និងបុគ្គលិកដែលមានសមត្ថភាព បទពិសោធន៍ ក្រមសីលធម៌វិជ្ជាជីវៈ និងចាត់ទុកការជួយសង្គ្រោះអ្នកជម្ងឺជាអាទិភាពបំផុត។

សូមបញ្ជាក់ថា ក្រុមហ៊ុនសម្ព័ន្ធរបស់អរៀនដា របស់អ្នកឧកញ៉ា គួន ធីតា រួមមាន៖ មន្ទីរពេទ្យអន្តរជាតិ អរៀនដា, មន្ទីពហុព្យាបាល និងសម្ភព អរៀនដា, មន្ទីរពេទ្យ អឃីតកោះពេជ្រ និងមន្ទីរពហុព្យាបាល និងសម្ភព អឃីតសែនសុខ ព្រមទាំងមានក្រុមហ៊ុនសម្ព័ន្ធសុខាភិបាលបរទេស និងកិច្ចសហការជាមួយមន្ទីរពេទ្យជាច្រើនទៀតនៅក្នុងប្រទេសសិង្ហបុរី ឥណ្ឌា ថៃ ម៉ាឡស៊ី វៀតណាម ដោយបានធ្វើការផ្លាស់ប្តូរបទពិសោធន៍ ទំនុកបម្រុងធនធានមនុស្ស និងការបញ្ជូនអ្នកជំងឺតាមមុខជំនាញទៅវិញទៅមកផងដែរ៕





