អ្នកឧកញ៉ា លី សាម៉េត (ហៅគ្រូមា) នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានចេញវីដេអូឃ្លីបទទួលស្គាល់កំហុសរបស់ខ្លួន ទាក់ទងករណីឆបោកប្រាក់រាប់លានដុល្លារ ព្រមទាំងបានបញ្ជាក់ថា បច្ចុប្បន្នលោកកំពុងមានជំងឺប្រចាំកាយ ដូច្នេះសុំពេលមួយរយៈខ្លីទៀត ទើបលោកព្រមប្រគល់ខ្លួនសារភាពចំពោះមុខសមត្ថកិច្ច។
ក្នុងវីដេអូឃ្លីបជិត៦នាទី អ្នកឧកញ៉ា លី សាម៉េត បានលើកឡើងដូច្នេះថា៖ “ខ្ញុំបាទ លី សាម៉េត (ហៅគ្រូមា) ថ្ងៃនេះខ្ញុំសូមបញ្ជាក់ការពិតចេញពីបេះដូង។ រឿងរ៉ាវដែលសម្តេចតេជោ បានបង្ហោះក្នុងសំណេរ ពាក់ព័ន្ធនឹងរឿងរបស់ខ្ញុំបាទ សុទ្ធសឹងតែជារឿងពិតទាំងអស់។ ខ្ញុំបាទបានសាងកំហុសយ៉ាងធ្ងន់ធ្ងរបំផុត ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់សម្តេចតេជោ។ ខ្ញុំបាទ បានយកឈ្មោះសម្តេចទៅប្រើ ដើម្បីយកលុយគេ នេះជារឿងពិត ហើយក៏មិនមែនជាលើកទី១ដែរ។ មិនតែប៉ុណ្ណោះ ថវិកាដែលយកបានថា យកទៅជូនសម្តេចទៀត នេះសុទ្ធតែជារឿងដែលខ្ញុំបាទប្រឌិតចេញដោយខ្លួនឯង”។
ទទឹមនឹងសារទទួលស្គាល់កំហុស និងសូមការអភ័យទោសនេះ អ្នកឧកញ៉ា លី សាម៉េត ក៏បានបង្ហើបឱ្យដឹងផងដែរថា បច្ចុប្បន្នលោកកំពុងមានជំងឺ ហើយកំពុងស្នាក់នៅផ្ទះរបស់កូន។ អ្នកឧកញ៉ា បញ្ជាក់ថាលោកមានជំងឺទឹកនោមផ្អែម ក្រពះពោះវៀន ទឹកនោមប្រៃ (កំពុងហើមខ្លួន) ដើរមិនរួច។ ជាមួយគ្នានេះ លោកសុំពេលវេលាបន្តិច មួយរយៈពេលខ្លី លោកនឹងចេញទៅសារភាពនៅចំពោះមុខសមត្ថកិច្ច និងនៅមុខតុលាការ ដើម្បីកាត់ទោសលោកតាមច្បាប់។
គួររំឭកថា កាលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានចេញសារលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការយ៉ាងដូច្នេះថា ដោយរឿងច្រើនពេកថ្ងៃនេះសម្តេចសម្រេចចិត្តបង្ហោះសារទាក់ទងដល់លោកលី សាម៉េត(ហៅគ្រូមា)។ លី សាម៉េតតែងប្រើឈ្មោះរបស់សម្តេច ដើរបោកប្រាស់គេរហូតថាយកលុយដែលបោកប្រាស់បានយកមកជូនសម្តេចទៀតផង ដោយប្រាប់គេថាខ្លួនចេញចូលផ្ទះសម្តេចក្នុងពេលណាក៏បាន ក្នុងពេលដែលលី សាម៉េតមិនដឹងថាផ្ទះសម្តេចបែរមុខទៅខាងណាផង។ ចំពោះទឹកប្រាក់ឆបោក សម្តេចបានឱ្យដឹងថា លោក លី សាម៉េត បានបោកលុយឈ្មោះសុខ ឡេង ១០លានដុល្លារ, បុគ្គលឈ្មោះ មួង ឃីម ចំនួន២៣ម៉ឺនដុល្លារ និងលោក កន សុខកាយ ចំនួន៣០ម៉ឺនដុល្លារ ដើម្បីរត់ការឱ្យបានតំណែងជាអភិបាលក្រុងអរិយក្សត្រ៕
សូមទស្សនាវីដេអូខាងក្រោម៖