លោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានចេញលិខិតថ្លែងអំណរគុណដល់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា ដែលសម្ដេចបានយកចិត្ដទុកដាក់ និងបានបន្ត និងបន្ថែមការលើកទឹកចិត្តពន្ធដារ ចំពោះវិស័យអចលនទ្រព្យ រហូតដល់ដំណាច់ឆ្នាំ២០២៥។
យោងតាមលិខិតថ្លែងអំណរគុណនេះ លោកអ្នកឧកញ៉ា លី ហួរ បានសូមគោរពថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ចំពោះការសម្រេចដ៏ខ្ពង់ខ្ពស់ អំពីការបន្តអនុវត្តលើសេចក្តីជូនដំណឹងលេខ ០០១ សហវ.សជ ណ.អពដ ចុះថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ និងបានចេញសេចក្តីជូនដំណឹងលេខ ០១៤ សហវ ស.ជ.ណ ចុះថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការបន្ត និងបន្ថែមការលើកទឹកចិត្តពន្ធដារ ចំពោះវិស័យអចលនទ្រព្យ រហូតដល់ដំណាច់ឆ្នាំ២០២៥។
លោកអ្នកឧកញ៉ា លី ហួរ យល់ឃើញថា ជាការជួយកាត់បន្ថយបន្ទុកចំណាយបង់ពន្ធ ដល់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងប្រជាពលរដ្ឋជាម្ចាស់អចលនទ្រព្យ ជាពិសេសតែងតែយកចិត្តទុកដាក់ក្នុងការ ជួយគាំទ្រលើកទឹកចិត្តដល់ ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ក៏ដូចអ្នកវិនិយោគទាំងអស់ បន្តបេសកកម្មជាមួយរាជ រដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍វិស័យអចលនទ្រព្យ និងសេដ្ឋកិច្ចកម្ពុជា ឲ្យកាន់តែរីកចម្រើនទៅមុខបន្តទៀត៕