សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានចេញសារនៅលើបណ្ដាញសង្គមផ្លូវការ នាល្ងាចថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បញ្ជាក់ជាថ្មីចំពោះករណីឆបោកប្រាក់របស់អ្នកឧកញ៉ា លី សាម៉េត ដោយសម្ដេចតេជោ នឹងមិនលើកលែងទោស ហើយណែនាំដល់សមត្ថកិច្ច និងនគរបាលយុត្ដិធម៌នាំខ្លួន អ្នកឧកញ៉ា លី សាម៉េត បញ្ជូនទៅតុលាកាត់ទោសតាមនីតិវិធី។

សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា ការចេញវីដេអូសុំទោសរបស់ លី សាម៉េត មិនបានអាចរួចខ្លួននោះទេ ខណៈដែលជំនួយការរបស់សម្ដេចម្នាក់ទៀតដែលជាប់ពាក់ព័ន្ធនឹងករណីឆបោកនេះក៏កំពុងឃាត់ខ្លួន រងចាំការកាត់ទោសផងដែរ។
សម្ដេចតេជោ បានគូសបញ្ជាក់ថា ក្រោយពេលដែលអ្នកឧកញ៉ា លី សាម៉េត រត់គេចខ្លួន នឹងបង្ហាញខ្លួនហើយ កម្លាំងសមត្ថកិច្ចដែលជានគរបាល ឬកងរាជអាវុធហត្ថត្រូវទៅនាំខ្លួន បញ្ជូនទៅតុលាការដើម្បីកាត់ទោសតាមច្បាប់។ ដោយឡែកចំពោះការស្នើសុំសម្រាកព្យាបាលរបស់ អ្នកឧកញ៉ា លី សាម៉េត សម្ដេចតេជោ មិនអនុញ្ញាតនោះទេ ហើយសម្ដេចសង្កត់ធ្ងន់ថា អ្នកឧកញ៉ា លី សាម៉េត នឹងមិនត្រូវនៅក្រៅសំណាញ់ច្បាប់ទៀតនោះទេ៕

