អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំអេចប្រេស នារសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបង្ហោះរូបភាព និងវីដេអូជាច្រើនសន្លឹក បង្ហាញពីសកម្មភាពចុះប្រមូលសំរាមដោយខ្លួនឯងផ្ទាល់ នៅកោះស្ដេច ខេត្ដកោះកុង។


ជាមួយនឹងសកម្មភាពសម្អាតបរិស្ថាន និងទាក់ទាញភ្ញៀវទេសចរណ៍ អ្នកឧកញ៉ា សួរ វីរៈ បានលើកឡើងថា « សំរាមមិនគួរឱ្យខ្ពើមនោះទេ តែយើងស្អប់ខ្ពើមបុគ្គលដែលចោលសំរាមគ្មានសណ្ដាប់ធ្នាប់»។ បន្ទាប់ពីបង្ហោះសារមួយឃ្លាយ៉ាងមានអត្ថន័យនេះ សារមួយនេះបានចាក់ចំបេះដូងមហាជនទូទៅដែលស្រឡាញ់ចូលចិត្ដ បរិស្ថានស្អាត និងបរិស្ថានល្អ ចូលមកគាំទ្រ និងសរសើរពីសកម្មភាពដ៏ល្អប្រពៃរបស់អ្នកឧកញ៉ា។
សូមជម្រាបជូនថា ការចុះប្រមូលសំរាមរបស់អ្នកឧកញ៉ា សួរ វីរៈ ធ្វើឡើងស្របជាមួយនឹងយុទ្ធនាការ កោះស្ដេច កោះស្អាត កោះគំរូ ដើម្បីបង្កើនភាពទាក់ទាញគោលដៅទេសចរណ៍។
អ្នកឧកញ៉ា សួរ វីរៈ ជាអគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស ដែលជាក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងសេវាកម្មបញ្ញើរឆាប់រហ័ស ឈានមុខគេនៅកម្ពុជា និងជាម្ចាស់រីសត ជាច្រើនកន្លែង រួមមាន កោះស្តេចរីសត, កោះអភិជន រីសត, ភីដូម៉ា រីសត (Pidoma Resort) , ឧទ្យានបោះតង់គិរីរម្យ រំហើយ រីស៊ត, និងរំដួល រីស៊ត ព្រមទាំងរីសត ជាច្រើនកន្លែងទៀត។
ជានិច្ចជាកាលអ្នកឧកញ៉ា សួរ វីរៈ តែងចូលចិត្ដក្នុងការធ្វើកិច្ចការងារសង្គមនានាផ្សេងៗ, ការផ្ដល់អំណោយ, ចូលរួមលើកកម្ពស់គុណភាពសិក្សា តាមរយៈការបណ្ដុះនៅធនធានមនុស្សឱ្យមានចំណេះដឹងដោយផ្ដល់ជាអគារសិក្សា និងសម្ភារៈសិក្សាជាដើម៕





