អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប នៅរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ បានបញ្ចេញសារឆ្លើយតបទៅកាន់បុគ្គលមួយចំនួន ដែលបានចោទប្រកាន់លើកំហុសអចេតនារបស់លោក ថាលោកមានបំណងគេចវេសពីការទទួលខុសត្រូវ រឿងរោងចក្រចម្រាញ់ដូងប្រេង បញ្ចេញកាកសំណល់រាវ ធ្វើឱ្យប៉ះពាល់ដល់គុណភាពទឹក និងធ្វើឱ្យមានផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។
ចំពោះបញ្ហានេះ អ្នកឧកញ៉ាបានលើកឡើងជាន័យធៀបថា រយៈពេល២៨ឆ្នាំកន្លងមកនេះ លោកបានជួយកសាងវិស័យកសិកម្ម និងកសិឧស្សាហកម្ម សម្រាប់ជាតិ និងប្រជាជនកម្ពុជា ចំនួន ១០០សំពៅ ប៉ុន្តែបែរជាមានបុគ្គលមួយចំនួន ចង់យកទោសអចេតនាតូចមួយមកបំបាក់រូបលោកទៅវិញ។ យ៉ាងណាមិញ អ្នកឧកញ៉ា បានដោះស្រាយបញ្ហានេះរួចរាល់ហើយ ដោយលោកបានបង់ថ្លៃផាកពិន័យជូនក្រសួងបរិស្ថាន និងសងផលប៉ះពាល់ដល់ពលរដ្ឋផងដែរ។
នៅលើបណ្តាញសង្គមហ្វេសប៊ុក នារសៀលថ្ងៃអង្គារនេះ អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានលើកឡើងដូច្នេះថា៖ “អ្នកមិនមានគោលដៅច្បាស់លាស់ដូចជាខ្មោចព្រាយបិសាចមានតែស្រមោល ហ៊ានមកចោទប្រកាន់ខ្ញុំថា ជាអ្នកគេចវេសមិនទទួលខុសត្រូវទៅវិញ នេះជាភស្តុតាងខ្លះៗ ដែលខ្ញុំចង់បង្ហាញជូនប្រិយមិត្តយើងអោយបានឃើញថា ខ្ញុំគេចវេសមិនទទួលខុសត្រូវដូចពាក្យចោទប្រកាន់នេះដែរឬអត់ទេ?”
អ្នកឧកញ៉ា បានបន្តថា៖ “នៅលើលោកយើងនេះ ឱ្យតែចង់បានអ្វីមួយ វានឹងអាចបាត់បង់អ្វីមួយជាក់ជាមិនខានឡើយ គ្រាន់តែតិច ឬច្រើនតែប៉ុណ្ណោះ។ ចាប់ពី ឆ្នាំ១៩៩៦-២០២៤=២៨ឆ្នាំកន្លងទៅហើយ គុណដ៏មហាធំធេងដែលខ្ញុំបានកសាង លើវិស័យកសិកម្ម និងកសិឧស្សាហកម្មមកលើជាតិ និងប្រជាជនកម្ពុជាយើង១០០សំពៅ តើអស់លោកចង់យកកំហុសដោយអចេតនាតូចតាចមួយនេះមកបំផ្លាញឬ? (គុណ១០០សំពៅ ទោសមួយចូលទៅ បំផ្លាញទាំងអស់) គ្រាន់តែមានករណីនេះកើតឡើងភ្លាម មានអ្នកស្នេហាជាតិច្រើនណាស់ ទាំងគ្នាឯងផង ទាំងគ្នាគេផងមកសាកសួរជីកឫស ជីកគល់ក្នុងគោលបំណងបំផ្លាញតែម្តង តែខ្ញុំមិនមានប្រតិកម្មតបតទៅវិញអ្វីទាំងអស់ ទុកពេលឱ្យសាមីក្រសួង ដែលមានការពាក់ព័ន្ធដោះស្រាយទៅតាមនីតិវិធីទៅចុះ”។
“សូមអស់លោក កុំតាំងខ្លួនឯងជាអ្នកស្រឡាញ់ជាតិ និងប្រជាជនកម្ពុជាតែក្រុមអស់លោកតែមួយដំបស្វាហ្នឹងពេក អស់លោកតែងតែតាំងខ្លួនឯងថាមាតាធម្មជាតិ តើបានដាំដើមឈើបានប៉ុន្មានដើមហើយឬនៅ? នៅកន្លែងណាខ្លះ? ខ្ញុំមិនដែលបានតាំងខ្លូនឯងថាជាបីតាធម្មជាតិម្តងណាទេ ប៉ុន្តែខ្ញុំហ៊ានឱ្យក្រុមលោកឯងទាំងអស់គ្នា មករាប់ដើមឈើដែលខ្ញុំបានដាំអោយអស់រយៈពេល១ឆ្នាំ ខ្ញុំនិងជូនប័ណ្ណសរសើរ និងជូនសគុណជាទីគាប់ចិត្តថែមទៀតផង។ ជាទីបញ្ចប់ខ្ញុំសូមអរគុណដល់អស់លោកដែលតែងតែតាមព្យាបាទខ្ញុំគ្រប់កាលៈទេសៈ និងសូមជូនពរអោយអស់លោក ឆាប់ភ្ញាក់រលឹកងាកមកចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ជាមួយរាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា”។ អ្នកឧកញ៉ា បានបន្ថែម។
ជាចុងបញ្ចប់ អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានបញ្ជាក់ឱ្យដឹងថា បច្ចុប្បន្ន ក្រុមហ៊ុន ម៉ុង ឫទ្ធី វិនិយោគទុនដំណាំដូងកម្ពុជា បានផ្តល់ការងារដោយផ្ទាល់ដល់បុគ្គលិក កម្មករប្រមាណជាជាង ២,០០០នាក់ និងដោយប្រយោលប្រមាណជាជាង ៨,០០០នាក់។ នៅពេលនេះក្រុមហ៊ុនបានទប់ទំនប់ ដែលបានបាក់រួចរាល់ជាស្ថាពរ ធ្វើឱ្យស្ថានភាពងាកមករកភាពប្រក្រតីឡើងវិញ ព្រមទាំងសងសំណងការខូចខាតដល់រដ្ឋ និងប្រជាជន ប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត៕