អ្នកឧកញ៉ា គិត ម៉េង ចូលរួមកិច្ចពិភាក្សាដៃគូអភិវឌ្ឍន៍មហាអនុតំបន់ទន្លេមេគង្គ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាធុរកិច្ចមហាអនុតំបន់ទន្លេមេគង្គ និងគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមកិច្ចពិភាក្សាស្តីពីទស្សនទានរបស់ដៃគូអភិវឌ្ឍន៍ចំពោះភាពជាដៃគូ និងការគាំទ្រចំពោះកម្មវិធីមហាអនុតំបន់ទន្លេមេគង្គ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន កាលពីរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចពិភាក្សាខាងលើ ត្រូវបានធ្វើឡើងក្នុងឱកាសដែលអ្នកឧកញ៉ា គិត ម៉េង អញ្ជើញអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់ទន្លេមេគង្គលើកទី៨ កិច្ចប្រជុំកំពូល ACMECS លើកទី១០ និង កិច្ចប្រជុំកំពូល CLMV លើកទី១១។ កិច្ចពិភាក្សានេះដែរ មានការអញ្ជើញចូលរួមពី ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ក្រុមប្រឹក្សាធុរកិច្ចមហាអនុតំបន់ទន្លេមេគង្គ (GMS BC) អង្គការ GIZ អង្គការពលកម្មអន្តរជាតិ ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិ (JICA) វិទ្យាស្ថានមេគង្គ ធនាគារពិភពលោក និងដៃគូអភិវឌ្ឍន៍ជាច្រើនទៀត។

តាមសភាពពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា ក្នុងឱកាសនៃកិច្ចពិភាក្សានេះ អ្នកឧកញ៉ា គិត ម៉េង ក្នុងនាមជាប្រធានក្រុមប្រឹក្សាធុរកិច្ចមហាអនុតំបន់ទន្លេមេគង្គ បានសង្កត់ធ្ងន់អំពីសារៈសំខាន់របស់វិស័យឯកជនក្នុងការរួមចំណែកដល់ការអភិវឌ្ឍមហាអនុតំបន់ទន្លេមេគង្គ និងស្នើឲ្យមានកិច្ចសន្ទនារវាងថ្នាក់ដឹកនាំប្រទេសមហាអនុតំបន់ទន្លេមេគង្គ ជាមួយនឹងក្រុមប្រឹក្សាធុរកិច្ចមហាអនុតំបន់ទន្លេមេគង្គ។ ទន្ទឹមនឹងនេះ ក្រុមប្រឹក្សាធុរកិច្ចមហាអនុតំបន់ទន្លេងមេគង្គ បានចូលរួមធ្វើបទអន្តរាគមន៍ និងបានលើកឡើងអំពីកម្មវិធីយុទ្ធសាស្រ្ត ទិសដៅអាទិភាព តួនាទី និងសកម្មភាពរបស់ក្រុមប្រឹក្សាធុរកិច្ចមហាអនុតំបន់ទន្លេមេគង្គ និងការអភិវឌ្ឍប្រកបដោយនវានុវត្តន៍នៅក្នុងមហានុតំបន់ទន្លេមេគង្គ។

គួរបញ្ជាក់ថា ប្រទេសមហាអនុតំបន់ទន្លេមេគង្គ មានចំនួន៦ គឺ ចិន កម្ពុជា ឡាវ ថៃ មីយ៉ាន់ម៉ា និងវៀតណាម។ ប្រទេសទាំង៦នេះ បានប្តេជ្ញារួមគ្នាទប់ស្កាត់ការបំពុលទន្លេមេគង្គដោយសំណល់ប្លាស្ទិក ដែលកំពុងចោទជាបញ្ហាឆ្លងដែន សម្រាប់សុខភាពរបស់ប្រជាជន និងជីវៈចម្រុះទាំងនៅក្នុងទឹក និងលើគោក ពិសេសការជំរុញភាពជាដៃគូផ្នែកសេដ្ឋកិច្ច៕