ឧកញ៉ា Li Guolian ប្ដេជ្ញាបោះទុនវិនិយោគក្នុងសួនឧស្សាហកម្ម និងការបង្កើតរោងចក្រនៅកម្ពុជា

ជុំវិញ​ឧកញ៉ា

នារសៀល ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកឧកញ៉ា Li Guolian ប្រធានក្រុមហ៊ុន Guoxing Group Companies និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ នៅថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសជំនួបនេះ លោកឧកញ៉ាប្រធានក្រុមហ៊ុន បានគោរពជម្រាបជូនសម្ដេចបវរធិបតី អំពីសកម្មភាពវិនិយោគនាពេលកន្លងមករបស់ក្រុមហ៊ុននៅកម្ពុជា និងអំពីផែនការពង្រីកការវិនិយោគរបស់ក្រុមហ៊ុនក្នុងរយៈពេល៥ឆ្នាំខាងមុខ លើការបង្កើតសួនឧស្សាហកម្ម។ ក្រៅពីការវិនិយោគលើសួនឧស្សាហកម្ម ក្រុមហ៊ុន Guoxing Group ក៏នឹងពិនិត្យលទ្ធភាពនៅក្នុងការវិនិយោគវិស័យកសិកម្មដោយផ្តោតលើការផលិតជីធម្មជាតិ ដើម្បីពង្រឹងគុណភាពដី និងជំរុញផលិតភាពផលិតផលកសិកម្ម។ 

លោកប្រធានក្រុមហ៊ុនបានបន្ថែមទៀតថា បណ្តាក្រុមហ៊ុនជាច្រើនរបស់ចិន បានធ្វើដំណើរទស្សនកិច្ចពាណិជ្ជកម្មមកកម្ពុជា៤លើកមកហើយ ក្រោមការសម្របសម្រួលរបស់ Guoxing Group ដើម្បីស្វែងយល់ពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា ព្រមទាំងបានប្ដេជ្ញាបោះទុនវិនិយោគនៅក្នុងសួនឧស្សាហកម្ម និងការបង្កើតរោងចក្រនៅកម្ពុជា។ 

ជាការឆ្លើយតប សម្ដេចបវរធិបតី បានសម្តែងនូវការរីករាយចំពោះក្រុមហ៊ុនដែលបានបោះទុនវិនិយោគនៅកម្ពុជា និងមានផែនការពង្រីកការវិនិយោគបន្ថែមទៀត។ សម្ដេចបវរធិបតី បានបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តល់ការលើកទឹកចិត្ត និងការគាំទ្រដល់ជោគជ័យរបស់បណ្ដាក្រុមហ៊ុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ព្រមទាំងបានគូសបញ្ជាក់ផងដែរថា នេះជាចំណុចដ៏ល្អមួយ ដែលក្រុមហ៊ុន Guoxing Group មានបណ្ដាក្រុមហ៊ុនចូលរួមច្រើន ដើម្បីផលិតជាខ្សែច្រវាក់ផលិតកម្មនៅក្នុងប្រទេសកម្ពុជា ដើម្បីកាត់បន្ថយការនាំចូលវត្ថុធាតុដើមពីក្រៅប្រទេស។ សម្ដេចបវរធិបតី ក៏បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលផ្តល់នូបការគាំទ្រ និងផ្តល់ការលើកទឹកចិត្តដល់ក្រុមហ៊ុនវិនិយោគដែលផលិតនូវច្រវាក់ផលិតកម្មដើម្បីផ្តង់ផ្គង់ក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។

សូមជម្រាបថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កំពុងដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ប្រតិភូសភាពាណិជ្ជកម្ម និងប្រតិភូសមាគមឧកញ៉ាកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់ទន្លេមេគង្គ (GMS) លើកទី៨ កិច្ចប្រជុំកំពូល ACMECS លើកទី១០ និងកិច្ចប្រជុំកំពូល CLMV លើកទី១១ ដែលប្រព្រឹត្តទៅនៅទីក្រុងគុនមិញ ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្នុងដំណើរបេសកកម្មនេះ សម្តេចក៏បានឆ្លៀតពេលវេលាដ៏មមាញឹកជួបជាមួយអ្នកវិនិយោគិនបរទេសជាច្រើនរូបផងដែរ ក្នុងគោលបំណងជំរុញការវិនិយោគនៅកម្ពុជា៕