អង្ករក្រអូបប្រណិតកម្ពុជា ម៉ាក «ម្លិះអង្គរ» បានឈ្នះពានរង្វាន់អង្ករល្អប្រណិតផ្តាច់គេ លើពិភពលោក ជាលើកទី៦ ក្នុងការប្រកួតអង្ករល្អផ្តាច់គេលើពិភពលោក (World Best Rice) នៅក្នុងកម្មវិធី «សន្និសីទស្រូវអង្ករពិភពលោកឆ្នាំ២០២៤» នាទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ នេះបើតាមប្រភពព័ត៌មានពីសហព័ន្ធស្រូវអង្ករកម្ពុជា។
កម្មវិធី «សន្និសីទស្រូវអង្ករពិភពលោកឆ្នាំ២០២៤» រៀបចំឡើងដោយវិទ្យាស្ថានគ្រាប់ធុញ្ញជាតិអន្តរជាតិ International Commodity Institute (ICI) និង The Rice Trader (TRT) របស់សហរដ្ឋអាមេរិក។ ក្នុងឱកាសនេះដែរ ឧកញ៉ា ចាន់សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានចូលរួមទទួលពានរង្វាន់ដោយផ្ទាល់។
ភាពជោគជ័យជាមោទនភាពជាតិនេះ សហ័ពន្ធស្រូវអង្ករកម្ពុជា ក៏សូមអបអរសាទរដល់ប្រជាកសិករកម្ពុជា ដែលបានខិតខំធ្វើការងារបានយ៉ាងល្អក្នុងការដាំដុះ ហើយក៏សូមអរគុណដល់រោងម៉ាស៊ីនកិនស្រូវ ដែលបានខិតខំសម្រិតសម្រាំង និង កិនកែច្នៃអង្ករបានយ៉ាងល្អរហូតទទួលបានជ័យជំនះ ជូនប្រទេសជាតិ។
គួររំឭកថា កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ អង្ករម៉ាកសមូហភាព SKO ផលិតចេញពីពូជស្រូវសែនក្រអូបរបស់កម្ពុជា នៅក្នុងឆ្នាំ២០២៣ ត្រូវបានទទួលស្គាល់ ជាពូជស្រូវល្អ និងមានរសជាតិឆ្ងាញ់ ព្រមទាំងបានឈ្នះពានរង្វាន់មាស នៅក្នុងកម្មវិធីវាយតម្លៃគុណភាព រសជាតិប្រភេទអង្ករសគ្រាប់វែងចិន-អាស៊ាន លើកទី១ ( 1st China-ASEAN Taste Quality Appraisal Activities of High-Quality Indica Rice Variety) នៅប្រទេសចិន ផងដែរ៕