កាលពីរសៀលថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រតិភូសមាគមឧកញ៉ាកម្ពុជា រួមមាន អ្នកឧកញ៉ា សៀ ឬទ្ធី អនុប្រធានសមាគមឧកញ៉ាកម្ពុជា, អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ, លោកជំទាវអ្នកឧកញ៉ា គួន ធីតា សមាជិកក្រុមប្រឹក្សាភិបាល និងឧកញ៉ា លាង ពៅ សមាជិកសមាគមឧកញ៉ាកម្ពុជា បានអមដំណើរឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយលោក Philippe Delleur អនុប្រធានជាន់ខ្ពស់ផ្នែកកិច្ចការសាធារណៈនៃក្រុមហ៊ុន Alstom Group ដែលជាក្រុមហ៊ុនវិនិយោគលើវិស័យដឹកជញ្ជូន ពិសេសការដឹកជញ្ជូនតាមផ្លូវដែកដ៏ធំជាងគេនៅក្នុងប្រទេសបារាំង និងក្នុងទ្វីបអឺរ៉ុប។
តាមរយៈជំនួបនេះ ក្រុមហ៊ុនបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះដំណើរទស្សនកិច្ចរបស់ប្រតិភូកម្ពុជា ព្រមទាំងបង្ហាញសុទិដ្ឋិនិយមក្នុងការពិនិត្យលទ្ធភាពចូលរួមជំរុញហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកកម្ពុជា ឱ្យស្របតាមបច្ចេកទេសជាសកល ដែលអាចជំរុញភាពទាន់ពេលវេលា និងកាត់បន្ថយការបំពុលបរិស្ថានជាដើម។
ក្នុងកិច្ចពិភាក្សានេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជម្រាបជូនអំពីកិច្ចការងារដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងអនុវត្តលើការធ្វើឱ្យប្រសើរឡើង និងសិក្សាសមិទ្ធិលទ្ធភាពលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកនៅកម្ពុជា មានជាអាទិ៍ ការធ្វើឱ្យប្រសើរឡើងផ្លូវដែកភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត, ការធ្វើឱ្យប្រសើរឡើងផ្លូវដែកភាគខាងត្បូង ភ្នំពេញ-ព្រះសីហនុ, គម្រោងសិក្សាសមិទ្ធិលទ្ធភាពរថភ្លើងធុនស្រាលតភ្ជាប់ពីអាកាសយានដ្ឋានសៀមរាប-ក្រុងសៀមរាប, និងគម្រោងសិក្សាសមិទ្ធិលទ្ធភាពប្រភេទរថភ្លើងក្រោមដី, AGT, Monorail និង Metro ជាដើម។
សូមជម្រាបថា អ្នកឧកញ៉ា សៀ ឬទ្ធី អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាប្រធានគណៈកម្មការទំនាក់ទំនងសាធារណៈ និងអន្តរជាតិ កំពុងដឹកនាំប្រតិភូសមាគមឧកញ៉ាកម្ពុជា ដែលមានសមាសភាពដូចជា អ្នកឧកញ៉ា ហ៊ុន ឡាក់ ជំទាវអ្នកឧកញ៉ា គួន ធីតា និងឧកញ៉ា លាង ពៅ ដើម្បីចូលរួមអមដំណើរ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងបេសកកម្មទាក់ទាញ និងជំរុញវិនិយោគនៅសាធារណរដ្ឋបារាំង សាធារណរដ្ឋឆែក និងចក្រភពអង់គ្លេស ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤៕