ជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន រៀបចំពិធីជួបជុំសិល្បកររាមច្បងប្រមាណ៤០នាក់ នៅខេត្តស្វាយរៀង

ជុំវិញ​ឧកញ៉ា

កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ នៅក្នុងកម្មវិធីដង្ហែអង្គកឋិនទៅកាន់វត្តសាមគ្គីរតនមុនី ស្ថិតនៅក្នុងភូមិបុស្ស ឃុំស្វាយកាយ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បានឆ្លៀតពេលរៀបចំពិធីជួបជុំសិល្បករសិល្បការិនីរាមច្បងប្រមាណ៤០នាក់ ដែលសុទ្ធតែជាអ្នកសិល្ប:ជើងចាស់ មានទីកំណើតនៅក្នុងខេត្តស្វាយរៀង និង ព្រៃវែង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមសមាគមសិល្បករខ្មែរ នៅក្នុងកម្មវិធីជួបជុំនោះ ទៀតសោត ក៏មានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសម្តេច កិតិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាផងដែរ។ ជាមួយនឹងការជួបជុំប្រកបដោយក្តីរីករាយនោះ លោកជំទាវក៏បានរៀបចំនូវពិធីហូបអាហារជុំគ្នា និងរៀបចំអំណោយមួយចំនួន អមដោយថវិកា១០ម៉ឺនរៀលសម្រាប់ចែកជូនពួកគាត់ក្នុងម្នាក់ៗ។

លោកជំទាវអ្នកឧកញ៉ា បានមានប្រសាសន៍ថា ថ្ងៃនេះ ក្រៅពីយើងទាំងអស់គ្នាជាម្ចាស់ដើមទានប្រធានដើមបុណ្យ បានសាងមហាបុណ្យកុសលនៅក្នុងអង្គកឋិនរួមគ្នារួចហើយ, រូបលោកជំទាវអ្នកឧកញ៉ាផ្ទាល់ រួមទាំងឧត្តមស្វាមី អ្នកឧកញ៉ា គិត ម៉េង និងក្រុមគ្រួសារ ក៏បានរៀបចំនូវអំណោយមួយចំនួនសម្រាប់ចែកជូនដល់លោកតាលោកយាយ ចាស់ព្រឹទ្ធាចារ្យ អ៊ុំពូមីង បងប្អូនជា ច្រើននាក់, ពិសេសសិល្បករសិល្បការិនីរាមច្បង នៅក្នុងខេត្តស្វាយរៀង និងព្រៃវែង ប្រហែល ៤០នាក់ផ្សេងទៀតផងដែរ សរុបទាំងអស់មានចំនួន ១៥០នាក់។

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានបញ្ជាក់ផងដែរថា៖ «នៅក្នុងកញ្ចប់អំណោយនីមួយៗ មានគ្រឿងឧបភោគបរិភោគមួយចំនួន ដូចជា មី, ត្រីខ, ទឹកត្រី, ទឹកស៊ីអ៊ីវ និងអមដោយថវិកាក្នុងមួយនាក់ចំនួន ១០ម៉ឺនរៀល»។ 

លោកជំទាវបានថ្លែងបន្ថែមថា តាងនាមឱ្យក្រុមគ្រួសារលោកជំទាវអ្នកឧកញ៉ាទាំងអស់ រួមទាំងរូបលោកជំទាវអ្នកឧកញ៉ាផ្ទាល់ ក៏សូមគោរពថ្លែងអំណរ ព្រះគុណ និងអរគុណជាថ្មីម្តងទៀត ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទ្រង់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា អស់លោក លោកស្រី អ្នកនាង កញ្ញាទាំងអស់ ដែលបានផ្តល់មហាកិត្តយសចូលរួម និងចាប់មគ្គផលកុសលផលបុណ្យ ដើម្បីញាំងជាប្រយោជន៍ សម្រាប់វិស័យព្រះពុទ្ធសាសនាផង និងសង្គមទាំងជាតិទាំងមូល៕