អ្នកឧកញ៉ា សួរ វីរ: អគ្គនាយក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនវិរៈ ប៊ុនថាំអេចប្រេស មានកិត្តិយសទទួលពានរង្វាន់សហគ្រិនឆ្នើមអាស៊ាន ឆ្នាំ២០២៤ ក្នុងកម្មវិធី GREAT ASEAN CSR BUSINESS AWARD 2024 ជាផ្លូវការ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលនេះបង្ហាញពីមោទនភាពមួយ ចំពោះភាពជាអ្នកដឹកនាំ និងចក្ខុវិស័យដ៏មុតមាំរបស់អ្នកឧកញ៉ា នាពេលកន្លងមក។

ពានរង្វាន់សហគ្រិនឆ្នើម ប្រចាំតំបន់អាស៊ាន ត្រូវបានបង្កើតឡើង និងប្រគល់ជូន ដល់បុគ្គលដែលមានជំនាញអាជីវកម្មច្បាស់លាស់ រួមចំណែកជួយអភិវឌ្ឍដល់សហគមន៍ ឬប្រជាជនក្នុងតំបន់ ព្រមទាំងពង្រីកសក្តានុពលអាជីវកម្មរបស់ខ្លួនទៅដល់ក្រៅប្រទេស។ លើសពីនេះ បេក្ខភាពដែល ឈ្នះពានរង្វាន់នេះ ក៏ត្រូវមានសកម្មភាពគាំទ្រ ទទួលខុសត្រូវលើផ្នែកបរិស្ថាន សង្គម និងអភិបាលកិច្ចល្អ ព្រមទាំងបុគ្គលដែលដឹកនាំអាជីវកម្មទទួលបានជោគជ័យ មានគំនិតផ្តួចផ្តើម ច្នៃប្រឌិតខ្ពស់ ជួយដល់សង្គមជាតិ តាមរយៈប្រភេទមុខជំនួញផ្សេងៗរបស់ខ្លួន។
អ្នកឧកញ៉ា សួរ វីរៈ ត្រូវបានស្ថាប័ន Global Entrepreneur 1% Club ប្រកាសថាបានឈ្នះពានរង្វាន់នេះ កាលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។ ក្រោយទទួលបានពានរង្វាន់ ដ៏មានកិត្តិយសកម្រិតអន្តរជាតិនេះ អ្នកឧកញ៉ា សួរ វីរៈ បានចែករំលែកជាសារ លើទំព័រហ្វេសប៊ុក យ៉ាងដូច្នេះថា៖ “វាមិនមែនគ្រាន់តែជាពានរង្វាន់ពាណិជកម្មនោះទេ តែជាពានរង្វាន់ក្នុងការចូលរួមការទទួលខុសត្រូវក្នុងសង្គមផងដែរ។ សូមអរគុណចំពោះការជ្រើសរើស”។
សូមជម្រាបថា អ្នកឧកញ៉ា សួរ វីរៈ ជាអគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស ដែលជាក្រុមហ៊ុនដឹកជញ្ជូន អ្នកដំណើរ និងសេវាកម្មបញ្ញើរឆាប់រហ័ស ឈានមុខគេនៅកម្ពុជា និងជាម្ចាស់រីសត ជាច្រើនកន្លែង រួមមាន កោះស្តេចរីសត, កោះអភិជន រីសត, ភីដូម៉ា រីសត (Pidoma Resort) , ឧទ្យានបោះតង់គិរីរម្យ រំហើយ រីស៊ត, និងរំដួល រីស៊ត ព្រមទាំងរីសត ជាច្រើនកន្លែងទៀត។ អ្នកឧកញ៉ា ជាអ្នកជំនួញមួយរូប ដែលតែងតែគិតឃើញនូវជំនួញថ្មីៗ មិនធ្លាប់មានក្នុងប្រទេសកម្ពុជា ដូចជាសេវាកម្មរថយន្ដដឹកជញ្ជូនពេលយប់ មានគ្រែសម្រាប់គេង ជូនបងប្អូនប្រជាពលរដ្ឋ ការបង្កើតទីផ្សារបន្លែក្នុងស្រុក និងគ្រោងដាក់ដំណើរការរថយន្ដត្រជាក់ (សីតុណ្ហភាពក្រោម០អង្សាសេ) ដើម្បីដឹកជញ្ជូនអីវ៉ាន់ ឬទំនិញផ្សេងៗ ជាដើម៕








