លោកអ្នកឧកញ៉ា លី ហួរ ចូលរួមកិច្ចប្រជុំលើកទី១ របស់ក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់

ជុំវិញ​ឧកញ៉ា

លោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា កាលព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី១ របស់ក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ (ក.ជ.ប.ស) ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមប្រឹក្សា ក.ជ.ប.ស នៅទីស្តីការក្រសួងរៀបចំដែនដី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឧកញ៉ា តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ “ឌ” “ផ្នែកសំណង់ និងអចលនទ្រព្យ” ផ្នែកឯកជន តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង១៦ ផ្នែកឯកជន។ ជាមួយគ្នានោះ ក៏មានវត្តមានឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវតន៍ ដែលជា អនុប្រធាន ក.ជ.ប.ស ព្រមទាំងតំណាងមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិកនៃ ក.ជ.ប.ស តំណាងសមាគមឯកជន តំណាងគ្រឹះស្ថានអប់រំផ្នែកឯកជន និងសមាជិក សមាជិកានៃ ក.ជ.ប.ស ជាច្រើនទៀតផងដែរ។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួន៣ រួមមាន៖ ១.កំណត់វិធាន និងគោលការណ៍អនុវត្តរួមជូនដល់ ក.ជ.ប.ស ក្នុងការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍បទដ្ឋានបច្ចេកទេសសំណង់ និងបទប្បញ្ញត្តិបច្ចេកទេសសំណង់, ២.ធ្វើការពិនិត្យ ពិគ្រោះ និងពិភាក្សាបទប្បញ្ញត្តិបច្ចេកទេសសំណង់ ដើម្បីឱ្យមានមូលដ្ឋានក្នុងការរៀបចំ និងលើកជាសំណើជូនរាជរដ្ឋាភិបាល ដើម្បីដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវបទប្បញ្ញត្តិបច្ចេកទេសសំណង់ឱ្យស្របតាមលក្ខខណ្ឌសេដ្ឋកិច្ច សង្គម បរិស្ថាន បច្ចេកវិទ្យា និងវិទ្យាសាស្រ្តនៃព្រះរាជាណាចក្រកម្ពុជា និង ៣.ចែករំលែកព័ត៌មានតាមរយៈការធ្វើបទបង្ហាញ។

គួរបញ្ជាក់ថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានចាត់ទុកក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ និងមន្ទីរពិសោធន៍ជាតិសំណង់ ជាចលករដ៏សំខាន់ក្នុងការពង្រឹងវិស័យសំណង់នៅកម្ពុជា ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ ឯកឧត្តមបានលើកឡើងឱ្យបន្តជំរុញការរៀបចំគោលនយោបាយអភិវឌ្ឍបទដ្ឋានបច្ចេកទេសសំណង់ និងបទប្បញ្ញត្តិបច្ចេកទេសសំណង់ ឱ្យស្របតាមការវិវត្តសេដ្ឋកិច្ចសង្គមកម្ពុជា និងការពង្រឹងការអនុវត្តច្បាប់ស្តីពីសំណង់ ក្នុងគោលបំណងបង្កើននូវគុណភាព សុវត្ថិភាព ការពារទ្រព្យសម្បត្តិ និងសុខុមាលភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណជន៕