អ្នកឧកញ៉ា ភួ វាសនា ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង បានបង្ហើបឱ្យដឹងថា ព្រឹត្តិការណ៍ការប្រកួតបាល់ទាត់រវាងក្រុមថ្នាក់ដឹកនាំ សសយក ខេត្តបាត់ដំបង ប្រកួតជាមួយក្រុមផ្ការីកគ្រប់រដូវ របស់លោកពាក់មី ដើម្បីអបអរសាទរការបើកប្រកួតកីឡាដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២៤ កាលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ គឺមានអ្នកទៅទស្សនាផ្ទាល់ប្រមាណ ៦០០០នាក់ ច្រើនបំផុតមិនធ្លាប់មាន ក្នុងព្រឹត្តិការណ៍កីឡាប្រចាំខេត្តបាត់ដំបង។

អ្នកឧកញ៉ា ភួ វាសនា បានលើកឡើងតាមរយៈបណ្តាញសង្គមហ្វេសប៊ុក កាលថ្ងៃទី១១ ខែវិច្ឆិកា ដូច្នេះថា៖ “តាំងនាមខ្ញុំបាទ ជាប្រធានគណៈកម្មការប្រតិបត្តិ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស រដ្ឋា ប្រធានសហភាពសហពន្ធ័យុវជនកម្ពុជាខេត្តបាត់ដំបង ក្នុងការរៀបចំពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២៤ ខ្ញុំសូមអរគុណជាទីបំផុត ដល់ក្រុមការងារគ្រប់អនុគណ:កម្មការគ្រប់ផ្នែកទាំងអស់ ដែលបានអនុវត្តការងារតាមផ្នែករបស់ខ្លួនយ៉ាងសកម្ម រហូតទទួលបានលទ្ធផលយ៉ាងល្អ ជាទីគាប់ប្រសើរ”។
«សូមជម្រាបថា ក្នុងព្រឹត្តិកានេះមានអ្នកចូលរួមទស្សនាផ្ទាល់ប្រមាណ ៦០០០ នាក់ ដែលនេះជាការចូលរួមលើសការរំពឹងទុករបស់យើងខ្ញុំ ដោយមិនធ្លាប់មានពីមុនមកឡើយ ក្នុងព្រឹត្តិការណ៍កីឡាក្នុងខេត្តបាត់ដំបងយើងនេះ។ យើងខ្ញុំក៏សូមថ្លែងអំណរគុណដល់អ្នកដែលចូលរួមទាំងអស់ ដែលបានចំណាយពេលវេលាចូលរួមគាំទ្រ លើកស្ទួយវិស័យកីឡានេះផងដែរ»។ អ្នកឧកញ៉ា បានបន្ថែម។

សូមជម្រាបថា ព្រឹត្តិការណ៍ការប្រកួតបាល់ទាត់រវាងក្រុមថ្នាក់ដឹកនាំ សសយក ខេត្តបាត់ដំបង ប្រកួតជាមួយក្រុមផ្ការីកគ្រប់រដូវ របស់លោកពាក់មី ក៏មានការផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធាន សសយក កម្ពុជា, ឯកឧត្តម ស រដ្ឋា ប្រធាន សសយក ខេត្តបាត់ដំបង និងជាប្រធានគណៈកម្មការរៀបចំការប្រកួតកីឡា “ពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២៤” និងអ្នកឧកញ៉ា ភួ វាសនា ប្រធានប្រតិបត្តិ កម្មវិធីការប្រកួតកីឡា ពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២៤ រួមទាំងថ្នាក់ដឹកនាំ សសយក ជាច្រើនរូបទៀត អញ្ជើញចូលលេងក្នុងការប្រកួតផងដែរ។ ជាចុងបញ្ចប់ ក្រុមទាំងពីរបានបញ្ចប់ទៅក្នុងលទ្ធផលស្មើគ្នា ១ ទល់នឹង ១។
ព្រឹត្តិការណ៍ការប្រកួតកីឡាដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២៤ លើវិញ្ញាសាទាំង៤ (បាល់ទាត់ បាល់ទះ វាយសី ប៉ូល ប៉េតង់) ក្រោមប្រធានបទ៖ “យុវជនម្នាក់លេងកីឡាមួយប្រភេទប្រចាំជីវិត និងចៀសឆ្ងាយពីគ្រឿងញៀន” គោលបំណងដើម្បីឱ្យប្រជាពលរដ្ឋជាពិសេសយុវជនមានសុខភាពល្អ បង្កើននូវសាមគ្គីភាព មិត្តភាព ចៀសឆ្ងាយពីគ្រឿងញៀន និងកាត់បន្ថយភាពអសកម្មផ្សេងៗក្នុងសង្គម រួមចំណែកក្នុងការលើកកម្ពស់វិស័យកីឡាឱ្យកាន់តែរីកចម្រើន ឈានដល់ការសម្រេចបានគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍន៍វិស័យអប់រំ និងកីឡា៕










