លោកអ្នកឧកញ៉ា លី ហួរ អនុប្រធានសមាគមឧកញ៉ាកម្ពុជា រួមជាមួយអ្នកឧកញ៉ា ឧកញ៉ា ជាថ្នាក់ដឹកនាំ និងសមាជិក នៃសមាគមឧកញ៉ាកម្ពុជា កាលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញទស្សនាការហោះហើរសាកល្បងនៃឧទ្ធម្ភាគចក្រសម្រាប់សេវាសង្គ្រោះផ្នែកវេជ្ជសាស្រ្ត ឬ Air Ambulance របស់មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ។

ឧទ្ធម្ភាគចក្រសម្រាប់សេវាសង្គ្រោះផ្នែកវេជ្ជសាស្រ្ត ត្រូវបានបង្កើតឡើងដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីបំពេញមុខងារក្នុងការជួយសង្គ្រោះអាយុជីវិតអ្នកជម្ងឺនៅតាមបណ្តាខេត្ត ឬក្នុងករណីជាយថាហេតុ នៅក្នុងទីតាំងណាមួយ ដែលស្ថិតនៅឆ្ងាយពីរាជធានីភ្នំពេញ។ សេវាកម្មនេះ នឹងផ្តល់អត្ថប្រយោជន៍ចំណាយពេលវេលាតិច និងឆាប់រហ័សហើយអាចបញ្ជូនអ្នកជំងឺមកកាន់មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ បានទាន់ពេលវេលា និងប្រកបដោយសុវត្ថិភាព ខណៈដែលនៅលើឧទ្ធម្ភាគចក្រនេះ មានបំពាក់នូវបរិក្ខារទំនើបៗស្របតាមស្តង់ដារបច្ចេកទេស ព្រមទាំងមានក្រុមគ្រូពេទ្យឯកទេសក្នុងការបំពេញមុខងារលើការសង្គ្រោះបន្ទាន់ជូនអ្នកជំងឺផងដែរ។
សូមបញ្ជាក់ថា ឧទ្ធម្ភាគចក្រសម្រាប់សេវាសង្គ្រោះផ្នែកវេជ្ជសាស្រ្ត ឬ Air Ambulance របស់មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ នឹងដាក់ដំណើរការហោះហើរជាផ្លូវការក្នុងពេលឆាប់ៗនេះ។ មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ គឺជាមន្ទីរពេទ្យក្នុងស្រុកមួយ ដែលបាននិងកំពុងប្រើប្រាស់ឧបករណ៍ ក៏ដូចជាបរិក្ខារពេទ្យទំនើបៗទាន់សម័យ ដែលមានគុណភាពស្តង់ដាអន្តរជាតិ សេវាកម្មសម្បូរបែប និងមានតម្លៃសមរម្យ ជាមួយនឹងគ្រូពេទ្យដែលមានជំនាញ និងមានបទពិសោធន៍ជាច្រើនឆ្នាំ ក្នុងវិស័យសុខាភិបាល៕










