ឧកញ៉ា ហ៊ួត ជា អគ្គនាយកក្រុមហ៊ុនសំណង់ ហ៊ួត ជា គ្រុប និងជាប្រធានសមាគមជាងសំណង់កម្ពុជា បានបង្ហើបប្រាប់ពីមូលហេតុដែលបងប្អូនគួរចូលជាសមាជិកសមាគមជាងសំណង់កម្ពុជា ដោយលោកបានលើកឡើងថា ការចូលជាសមាជិកនឹងទទួលបាននូវអត្ថប្រយោជន៍សំខាន់ៗមួយចំនួន។
លោកឧកញ៉ា បានលើកឡើងក្នុងវីដេអូឃ្លីប កាលពីពេលថ្មីៗនេះថា ដោយមើលឃើញពីភាពរីកចម្រើនក្នុងប្រទេសកម្ពុជា តាមរយៈអ្នកវិនិយោគចូលមកក្នុងប្រទេសកាន់តែច្រើន ហើយអ្នករកស៊ីក្នុងប្រទេសកាន់តែច្រើន លោកគិតថានឹងបង្កើតសមាគមជាងសំណង់កម្ពុជា ដើម្បីប្រមូលផ្តុំដោយជាងសំណង់ វិស្វករ ស្ថាបត្យករ និងអ្នកម៉ៅការសាងសង់ រួមគ្នាចងក្រងជួយកសាងប្រទេសកម្ពុជា តាមជំនាញអាជីពផ្ទាល់ខ្លួន និងពេលមានធុរៈ ត្រូវចេះជួយគ្នាទៅវិញទៅមក។
ឧកញ៉ា ហ៊ួត ជា បានបញ្ជាក់ថា នៅពេលបងប្អូនចូលជាសមាជិកសមាគមជាងសំណង់កម្ពុជា នឹងទទួលបានអត្ថប្រយោជន៍ដូចជា ការជួយគ្នាក្នុងគ្រាដែលជាងសំណង់ជួបនូវផលវិបាក ឧទាហរណ៍ គ្រោះថ្នាក់ការងារ ត្រូវការលុយបន្ទាន់ ដូច្នេះអាចស្នើសុំទៅសមាគម ដើម្បីសមាគមចុះទៅមើលជួយភ្លាមៗតែម្តង។ បន្ថែមពីនេះ ការចូលជាសមាជិក ក៏នឹងផ្តល់ឱកាសឱ្យសមាជិកទាំងអស់ធ្វើការជាមួយគ្នា មិនគេងប្រវ័ញគ្នា បំពេញឱ្យគ្នា រកទំនិញឱ្យគ្នា និងរកការងារឱ្យគ្នាធ្វើទៅវិញទៅមកផងដែរ។
សូមជម្រាបថា សមាគមជាងសំណង់កម្ពុជា មានចក្ខុវិស័យនិងទស្សនវិស័យជួយជ្រោមជ្រែងជាងសំណង់ អ្នកម៉ៅការ ឬកម្មករសំណង់ទាំងអស់នៅកម្ពុជា ឱ្យទទួលបាននូវតម្លាភាព គុណភាព ប្រសិទ្ធភាព ក្នុងអាជីពរបស់ខ្លួន ពិសេសការទទួលបានការជួយគ្នាទៅវិញទៅមកនៃការងារ និងការផ្លាស់ប្តូរបទពិសោធន៍ល្អៗ៕