ក្រោយឆ្លងកាត់ការប្រកួតប្រណាំងទូកដ៏ស្វិតស្វាញរយៈពេល៣ថ្ងៃពេញ នៅមុខព្រះបរមរាជវាំង នាថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ អ្នកគាំទ្រជាច្រើនបានផ្ទុះការចាប់អារម្មណ៍ខ្លាំងលើទូក “គូពិសេស” ល្បីៗ ពិសេសគឺទូកដែលមានល្បឿនលឿនខ្លាំងលំដាប់កំពូលទាំង១០ (Top ១០) ក្នុងនោះរួមមានទាំងទូករបស់ លោកអ្នកឧកញ៉ា និងឧកញ៉ា ចំនួន២រូប។
តាមលទ្ធផលជាផ្លូវការ របស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នៃការប្រកួតប្រណាំងទូក “គូពិសេស” រយៈពេល៣ថ្ងៃ កន្លងមកនេះ ឃើញថា ទូកឈ្មោះ “តេជោកែវវិជ័យបារមីចៅសែន” មកពីខេត្តពោធិ៍សាត់ របស់ឯកឧត្តម កែវ រតនៈ និងឯកឧត្តម ខូយ រីដា បានជាប់ចំណាត់ថ្នាក់លេខ១ ខណៈដែលទូក “សារាយតេជោសែនជ័យ” មកពីខេត្តកណ្តាល របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលឈរលេខ១បណ្តោះអាសន្ន២ថ្ងៃដំបូង បានធ្លាក់ទៅចំណាត់ថ្នាក់លេខ២វិញ។ រីឯចំណាត់ថ្នាក់លេខ៣ បានទៅលើទូកឈ្មោះ “កោះកេរធិបតី” មកពីខេត្តព្រះវិហារ របស់រដ្ឋបាលខេត្តព្រះវិហារ។
ចំណែកឯទូកដែលស្ថិតក្នុងចំណាត់ថ្នាក់កំពូលទាំង១០ ផ្សេងៗទៀតរួមមាន៖
-លេខ៤៖ ទូកឈ្មោះ “តាអោកតេជោសែនជ័យបារមីកំពង់ស្បូវ” ខេត្តកំពង់ធំ ឧបត្ថម្ភដោយលោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលនៃធនាគារជាតិកម្ពុជា
-លេខ៥៖ ទូកឈ្មោះ “នរិន្ទរង្សីពិជ័យចិត្របុត្រ” ខេត្តបាត់ដំបង ឧបត្ថម្ភដោយ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ
-លេខ៦៖ ទូកឈ្មោះ “រាំងទិលសាគរសែនមានជ័យបារមីវត្តកញ្ជរខាងត្បូង” ខេត្តពោធិ៍សាត់ ឧបត្ថម្ភដោយ លោកអ្នកឧកញ៉ា ទ្រី ភាព និងលោកជំទាវអ្នកឧកញ៉ា គៀន ស្រីនាង
-លេខ៧៖ ទូកឈ្មោះ “សម្តេចវិបុលបញ្ញាបារមីមានជ័យ” ខេត្តតាកែវ ឧបត្ថម្ភដោយ ឯកឧត្តម សុខ សូកាន និងឯកឧត្តម សុខ ពុទ្ធិវុធ
-លេខ៨៖ ទូកឈ្មោះ “ទូភីស៊ាសែនជ័យបារមីវត្តបារុង” ខេត្តកណ្តាល ឧបត្ថម្ភដោយ លោកឧកញ៉ា អុឹង ស៊ា
-លេខ៩៖ ទូកឈ្មោះ “ខៀវតីស្អាតអណ្តាតក្រហម” រាជធានីភ្នំពេញ ឧបត្ថម្ភដោយ ព្រះចៅអធិការវត្តជើងឯក
-លេខ១០៖ ទូកឈ្មោះ “មហាធិបតីរស្មីជ្រៃមាស” ខេត្តកំពង់ចាម ឧបត្ថម្ភដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត។
សូមជម្រាបថា ព្រះរាជពិធីបុណ្យអុំទូក ត្រូវបានប្រារព្ធធ្វើឡើងដើម្បីជាការរំលឹកគុណ ចំពោះកងទ័ពជើងទឹកខ្មែរ ដែលបានពលីជីវិតបូជាចំពោះទឹកដីក្នុងចម្បាំង នាសតវត្សទី១២ ក្នុងរាជព្រះបាទ ជ័យវរ្ម័នទី៧ ពីឆ្នាំ១១៧៧ ដល់ឆ្នាំ ១១៨១ នៃគ.ស ដូចមានបង្ហាញចម្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន និងប្រាសាទបន្ទាយឆ្មារជាដើម។
សម្រាប់ឆ្នាំ២០២៤ នេះ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋ បានចូលរួមកម្សាន្តសប្បាយរីករាយ អបអរសាទរបុណ្យប្រពៃណីជាតិខ្មែរ ដែលមានតាំងពីបរមបុរាណដ៏យូរលង់មកហើយ ព្រមទាំងទស្សនាការបណ្ដែតប្រទីប អុជកាំជ្រួច ប្រគំតន្ត្រីសម័យ-បុរាណ និងសម្តែងសិល្បៈ ទាំង៣រាត្រី តាមទីកន្លែងសំខាន់ៗផងដែរ៕