តាមការវិភាគរបស់សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា សម្រាប់ឆ្នាំ២០២៥ ការបញ្ជាទិញស្បែកជើងនិងផលិតផលធ្វើដំណើរនឹងអាចកើនឡើងជាងឆ្នាំ២០២៤ ដែលកើនឡើងយ៉ាងតិចមិនក្រោម២០ទៅ៣០ភាគរយ។នេះបើតាមការឱ្យដឹងរបស់អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា។

ទាក់ទងនឹងការផ្លាស់ប្តូរប្រធានាធិបតីសហរដ្ឋអាមេរិកមានឥទ្ធិពលដល់កម្ពុជាដែរឬអត់នោះ អ្នកឧកញ៉ា លី ឃុនថៃ បានលើកឡើងថា៖«នៅពេលលោកដូណាល់ត្រាំឡើងកាន់អំណាចនៅខែមករានាពេលខាងមុខ លោកជឿជាក់ថាកម្ពុជាមានឱកាសទទួលបានការដាក់បញ្ជាទិញកាន់តែច្រើនពីអាមេរិកជាងឆ្នាំកន្លងទៅ។ យើងមើលឃើញថា អាមេរិកនឹងដំឡើងពន្ធលើទំនិញពីចិន តែសម្រាប់សម្រាប់កម្ពុជាការនាំចេញទៅអាមេរិក ទៅអឺរ៉ុប ភាគច្រើនរួចពន្ធ។ នេះជាសក្តានុពលនិងឱកាសល្អបំផុតសម្រាប់កម្ពុជា»។
អ្នកឧកញ៉ា បានឱ្យដឹងថា វិស័យស្បែកជើងនិងផលិតផលធ្វើដំណើរនៅឆ្នាំ២០២៤នេះ មានសន្ទុះល្អប្រសើរដោយការនាំចេញកើនឡើងប្រមាណជាង២០%ធៀបនឹងឆ្នាំ២០២៣។
អ្នកឧកញ៉ា លី ឃុនថៃ បានប្រាប់ Oknha News ថា ការនាំចេញនៅឆ្នាំ២០២៤ ល្អ មានការបញ្ជាទិញច្រើនមែនទែន ដោយសារតែស្ថានភាពនឹងនររបស់កម្ពុជា ហើយអ្នកបញ្ជាទិញក៏ដូចជារោងចក្រពីបរទេសមានទំនុកចិត្ត ។
អ្នកឧកញ៉ា បានឱ្យដឹងផងដែរ កន្លងមកការនាំចេញផលិតផលស្បែកជើងនិងសម្ភារធ្វើដំណើរក្នុងចំនួនដ៏ច្រើនទៅប្រទេសអឺរ៉ុប ប្រទេសអង់គ្លេស អាមេរិក កាណាដា និងបណ្តាប្រទេសក្នុងអាស៊ីដូចជា ជប៉ុន និងកូរ៉េជាដើម។
អ្នកឧកញ៉ា លី ឃុនថៃ បានមានប្រសាសន៍ថា សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជាបាននិងកំពុងជំរុញវិស័យស្បែកជើងនិងផលិតផលធ្វើដំណើរឱ្យកាន់តែរីកចម្រើននិងទទួលបានការបញ្ជាទោញ។
អ្នកឧកញ៉ា លី ឃុនថៃ បានឲ្យដឹងថា បើធៀបនឹងឆ្នាំ២០២៣ រយៈពេល ៩ខែដូចគ្នា ក្នុងឆ្នាំ២០២៤នេះ ការនាំចេញស្បែកជើង មានការកើនឡើង ២៣ភាគរយ ក្នុងនោះ មានការនាំចេញទៅអឺរ៉ុប អាមេរិកនិងអាស៊ី ដែលមានចិនផងដែរ។ ជាមួយគ្នានេះ ក្នុងឆ្នាំ២០២៤ ពោលគឺនៅសល់ប្រមាណ ២ខែទៀត ការនាំចេញអាចនឹងកើនឡើងបន្តទៀត ក៏ប៉ុន្តែទឹកប្រាក់មិនទាន់អាចប៉ាន់ស្មានបានទេ៕ ដោយ៖ សុភក្ត្រា


