លោកជំទាវអ្នកឧកញ៉ា គួន ធីតា សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា និងជាអនុប្រធានគណៈកម្មការទំនាក់ទំនងសាធារណៈ និងអន្តរជាតិ កាលពីព្រឹកថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបង្ហើបឱ្យដឹងពីចំនួនសមាជិកសមាគមឧកញ៉ាកម្ពុជា គិតត្រឹមបច្ចុប្បន្ននេះ មានចំនួនសរុបជាង ៤០០រូប ដែលកំពុងគ្រប់គ្រងក្រុមហ៊ុន និងសហគ្រាសរហូតដល់ជាង ៨០០។

លោកជំទាវអ្នកឧកញ៉ា គួន ធីតា បានតំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ចូលរួមក្នុងពិធីបើក «ជំនួបផ្គូផ្គងធុរកិច្ចរវាងសមាគមឧកញ៉ាកម្ពុជា និងសមាគមជប៉ុន-កម្ពុជា ២០២៤» ក្រោមកិច្ចសហការរវាងសមាគមឧកញ៉ាកម្ពុជា និងសមាគមជប៉ុន-កម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម TAKAHASHI Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតអគ្គរាជទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងអ្នកឧកញ៉ា ឧកញ៉ា ជាសមាជិក នៃសមាគមឧកញ៉ាកម្ពុជា និងធុរជនជប៉ុន-កម្ពុជាដែលមានចំនួនសរុបប្រមាណ ១២០រូប កាលពីព្រឹកថ្ងៃអង្គារ។
ក្នុងពិធីដ៏មានសារៈសំខាន់នេះ លោកជំទាវអ្នកឧកញ៉ា បានជម្រាបជូនអង្គពិធីទាំងមូលនូវចក្ខុវិស័យ និងបេសកកកម្មរបស់សមាគមឧកញ៉ាកម្ពុជា ដែលកំពុងរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា សំដៅចូលរួមកសាង និងអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ ជាពិសេសសកម្មភាពសង្គមកិច្ច និងមនុស្សធម៌ ដើម្បីធានាបាននូវភាពសុខសាន្ត និងការរីកចម្រើនដល់ប្រជាជនកម្ពុជា ខណៈដែលសមាគមឧកញ៉ាកម្ពុជា គឺជាបណ្ដុំធុរជនមកពីចម្រុះវិស័យក្នុងប្រព័ន្ធសេដ្ឋកិច្ចកម្ពុជាដែលរហូតមកដល់ពេលបច្ចុប្បន្ននេះ មានសមាជិកសរុប ៤២០ រូប ដែលកំពុងគ្រប់គ្រងក្រុមហ៊ុន និងសហគ្រាសរហូតដល់ជាង ៨០០ ដោយបង្កើតការងារច្រើនជាង ៥០០,០០០ កន្លែង ដល់ប្រជាជនកម្ពុជានៅទូទាំងប្រទេស។ លោកជំទាវមានទំនុកចិត្តថា ជំនួបផ្គូផ្គងធុរកិច្ចនេះ ពិតជាផ្ដល់អត្ថប្រយោជន៍ បង្កើនភាពស្និទ្ធស្នាល និងពង្រឹងទំនុកចិត្តរវាងធុរជននៃប្រទេសទាំងពីរសម្រាប់កិច្ចសហប្រតិបត្តិការធុរកិច្ច និងវិនិយោគឱ្យលេចចេញជារូបរាងឡើងនាពេលខាងមុខ។
ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍កោតសរសើរចំពោះសមាគមឧកញ៉ាកម្ពុជា និងសមាគមជប៉ុន-កម្ពុជា ដែលបានបំពេញបេសកកម្មរបស់ខ្លួន ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខជាពិសេសក្នុងសកម្មភាពជំរុញ និងការកៀរគរវិនិយោគិនឱ្យមកបណ្តាក់ទុននៅកម្ពុជា។ ឯកឧត្តមបានគូសបញ្ជាក់ថា ឯកឧត្តមមានក្តីរីករាយ ដែលបានក្លាយជាអ្នកផ្សារភ្ជាប់ទំនាក់ទំនងរវាងសមាគមទាំងពីរ តាមរយៈបេសកកម្មគោះទ្វារវិនិយោគនៅឯប្រទេសជប៉ុន កាលពីខែឧសភា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ រហូតលេចចេញនូវការរៀបចំកម្មវិធីផ្គូផ្គងធុរកិច្ចនេះឡើង៕






