លោកជំទាវអ្នកឧកញ៉ា គួន ធីតា សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា និងជាអនុប្រធានគណៈកម្មការទំនាក់ទំនងសាធារណៈ និងអន្តរជាតិ បានលើកឡើងថា សមាគមឧកញ៉ាកម្ពុជា បាននិងកំពុងដើរតួនាទី ជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញ និងលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងវិនិយោគទាំងក្នុង និងក្រៅប្រទេស ដោយធ្វើការយ៉ាងជិតស្និទជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងការចូលរួមអមដំណើរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងដំណើរទស្សនកិច្ចផ្លូវការ ដើម្បីជំរុញ និងទាក់ទាញការវិនិយោគមកកម្ពុជា នៅទូទាំងពិភពលោក។
ឆ្លៀតក្នុងឱកាសចូលរួមជាអធិបតីក្នុងពិធីបើក «ជំនួបផ្គូផ្គងធុរកិច្ចរវាងសមាគមឧកញ៉ាកម្ពុជា និងសមាគមជប៉ុន-កម្ពុជា ២០២៤» កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកជំទាវអ្នកឧកញ៉ា បានគូសបញ្ជាក់ទៀតថា សមាគមឧកញ៉ាកម្ពុជា គឺជាស្ថាប័នមិនស្វែងរកប្រាក់ចំណេញ និងមិនមែនជាគណបក្សនយោបាយណាមួយឡើយ។ សមាគមបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់គុណតម្លៃ នៃគោរមងារឧកញ៉ា និងធានាបាននូវសេចក្តីថ្លៃថ្នូរ សីលធម៌ និងសាមគ្គីភាពរឹងមាំរបស់ឧកញ៉ា ដើម្បីជាមូលដ្ឋានក្នុងការរួមចំណែក យ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល សំដៅចូលរួមកសាង និងអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា ជាពិសេសសកម្មភាពសង្គមកិច្ច មនុស្សធម៌ និងសប្បុរសធម៌ ដើម្បីធានាបាននូវភាពសុខសាន្ត និងការរីកចម្រើនដល់ប្រជាជនកម្ពុជា។
សូមជម្រាបថា «ជំនួបផ្គូផ្គងធុរកិច្ចរវាងសមាគមឧកញ៉ាកម្ពុជា និងសមាគមជប៉ុន-កម្ពុជា ២០២៤» ដែលធ្វើឡើងនាថ្ងៃទី១៩ និងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ គឺជាកិច្ចសហការគ្នាលើកដំបូងរវាងសមាគមឧកញ៉ាាកម្ពុជា និងសមាគមជប៉ុន-កម្ពុជា ក្នុងគោលបំណងលើកកម្ពស់ទំនាក់ទំនងល្អរវាងសមាជិក នៃសមាគមទាំងពីរ និងផ្តល់ឱកាសដល់ធុរជនកម្ពុជា-ជប៉ុន អាចកសាងទំនាក់ទំនង ក៏ដូចជាការបន្តសិក្សាស្វែងយល់គ្នា សម្រាប់កិច្ចសហប្រតិបត្តិការធុរកិច្ច និងវិនិយោគនៅកម្ពុជា តាមវិស័យដែលមានសក្តានុពល។
ជាមួយគ្នានេះ បើតាមបញ្ជីឈ្មោះគណៈប្រតិភូសមាគមជប៉ុន-កម្ពុជា លោកជំទាវអ្នកឧកញ៉ា គួន ធីតា សង្កេតឃើញថា សមាជិកនីមួយៗនៃគណៈប្រតិភូសមាគមជប៉ុន-កម្ពុជា គឺសុទ្ធសឹងជាក្រុមហ៊ុនដែលមានបទពិសោធន៍ និងជំនាញខ្ពស់ក្នុងវិស័យកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ដែលវិស័យទាំងនេះ គឺជាវិស័យមានអាទិភាពខ្ពស់ក្នុងការវិនិយោគនៅកម្ពុជា និងចាប់ដៃគូសហការជាមួយធុរជនកម្ពុជា ដែលស្របតាមចក្ខុវិស័យ និងបេសកកម្មរបស់រាជរដ្ឋាភិបាល ក្នុងអាណត្តិទី៧នេះ៕