ឧកញ៉ា ហ៊ួត ជា នាំយកថវិកា និងអំណោយជូនមេជាងសំណង់ម្នាក់នៅខេត្ដព្រៃវែង ក្រោយរបួសធ្លាក់ពីលើអគារ ដោយឆក់ខ្សែភ្លើង

ជុំវិញ​ឧកញ៉ា

លោកឧកញ៉ា ហ៊ួត ជា ប្រធានសមាគមជាងសំណង់កម្ពុជា និងសហការី នៅពេលថ្មីៗនេះ បាននាំយកអំណោយ និងថវិកាមួយចំនួន ជូនដល់លោក ឌី ធី មានតួនាទីជាមេជាងសំណង់ មានទីលំនៅ នៅភូមិមានជ័យ ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការនាំយកអំណោយរបស់លោកឧកញ៉ា ហ៊ួត ជា នាពេលនេះ គឺក្រោយពីលឺដំណឹងនៃការរងគ្រោះរបស់លោក ឌី ធី ជួបគ្រោះថ្នាក់ដោយឆក់ខ្សែភ្លើង ធ្លាក់ពីលើអគារ របួសធ្ងន់កាលពីពេលថ្មីៗនេះ។

លើកឡើងនាពេលនេះ លោកឧកញ៉ា ហ៊ួត ជា បានបញ្ជាក់ថា នេះមិនមែនជាលើកទី១នោះទេ ដែលសមាគមជាងសំណង់កម្ពុជា នាំយកអំណោយ និងថវិកាជូនជនរងគ្រោះ ក្នុងពេលបំពេញការងារ ពោលគឺមានច្រើនដងមកហើយ។ សម្រាប់ថវិកាដែលសមាគមយកមកជូននាពេលនេះ គឺបានមកដោយមានការចូលរួមចំណែកដោយបេះដូងស្រឡាញ់ និងផ្ដល់តម្លៃជាងសំណង់ទាំងអស់នៅទូទាំងប្រទេសកម្ពុជា ពោលគឺលោកឧកញ៉ា បានដកថវិកាមួយចំនួនពីរក្រុមហ៊ុន ហួត ជា និងមានការចូលរួមចំណែកពីក្រុមប្រឹក្សាភិបាលសមាគម និងមេជាងសំណង់ជាច្រើននាក់។

លោកឧកញ៉ា បន្ថែមទៀតថា សមាគមជាងសំណង់កម្ពុជា ការចុះជួយបងប្អូននេះ មានរយៈពេល១០ឆ្នាំមកហើយ ក្រោយពីក្រុមហ៊ុន ហួត ជា បើកការរកស៊ីផ្នែកគ្រឿងសំណង់នៅកម្ពុជា។ ជាគោលការណ៍របស់ក្រុមហ៊ុន ហួត ជា គឺថវិកាដែលបានទទួលបានការលក់គ្រឿងសំណង់ គឺដកចំនួន២% សម្រាប់ជួយដល់ការងារសង្គម ហើយផ្ដោតជាសំខាន់លើជាងសំណង់។

ក្រោយទទួលបានអំណោយដែលកើតចេញពីបេះដូងស្រឡាញ់ និងផ្ដល់តម្លៃនេះ លោក ឌី ធី បានថ្លែងអំណរគុណអមលាយទឹកភ្នែក ដល់ការយកចិត្ដទុកដាក់របស់លោកឧកញ៉ា ហួត ជា មកលើជាងសំណង់ដែលរងគ្រោះមើលមិនឃើញក្នុងពេលបំពេញកិច្ចការងារនេះ។

លោកឧកញ៉ា ហ៊ួត ជា ក៏បានអំពាវនាវដល់បងប្អូនខ្មែរទាំងអស់ ចូលរួមជួយលោក ឌី ធី តាមសទ្ធាជ្រះថ្លា ទោះមួយដុល្លារ ឬពីរដុល្លារក៏ដោយ។ សម្រាប់លោកអ្នកដែលចង់ចូលរួមចំណែក អាចទាក់ទងទៅសមាគមជាងសំណង់កម្ពុជាផ្ទាល់ក៏បាន ឬតាមរយៈលោក ឌី ធី ដែលមានទូរស័ទ្ទលេខ០១៦ ៩០២ ៨២៩៕