ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលនៃសហព័ន្ធស្រូវអង្ករកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន អេមរុរ៉ាយស៍ (Amru Rice Co., Ltd) ហ៊ានបោះទុនថវិកាដល់ទៅ ៣លានដុល្លារ បង្កើតឃ្លាំងស្តុកនិងឡសម្ងួតស្រូវ នៅឃុំរយ៉ ស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី ដើម្បីប្រមូលទិញស្រូវសិរីរាង្គពីប្រជាកសិករ។
ពាក់ព័ន្ធនឹងការចំណាយវិនិយោគលើវិស័យកសិកម្មដ៏ធំនេះ លោកឧកញ៉ា សុង សារ៉ន បានបញ្ជាក់លើទំព័រហ្វេសប៊ុក កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ថាទាំងនេះគឺជាដំណើរអាជីវកម្ម ប្រកបដោយបរិយាប័ន្ន និងចីរភាព។ កន្លងមកក្រុមហ៊ុនមួយនេះបានជួយកសិករច្រើនមកហើយ ដូចជានៅខេត្តកំពង់ធំ ព្រះវិហារ និងមណ្ឌលគិរី តាមរយៈការបង្កើតកិច្ចសន្យាកសិកម្ម។ យ៉ាងណាមិញ លោកឧកញ៉ា សុង សារ៉ន មានគោលដៅជំរុញបង្កើតជា ”អង្ករសិរីរាង្គសម្គាល់ម៉ាកភូមិសាស្ត្រនៃស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី” ខណៈដែលកសិករជាង ៦០ភាគរយ គឺជាបងប្អូនជនជាតិដើមភាគតិច។
ឧកញ៉ា សុង សារ៉ន បានលើកឡើងថា៖ “ក្នុងគម្រោងវិនិយោគ ក្រុមហ៊ុន អេមរុរ៉ាយស៍ យើងនេះ បានធ្វើការបោះទុនវិនិយោគនៅស្រុកកោះញ៉ែកនេះចំនួន ៣លានដុល្លារ ហើយមកដល់ពេលនេះ យើងបានចំណាយជិត ២លានដុល្លារហើយ ទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធរួមមាន ឡសម្ងួត ឃ្លាំងស្តុកស្រូវ ហើយឆ្នាំ២០២៥ យើងនឹងដំឡើងម៉ាស៊ីនកិនស្រូវ ដូច្នេះការវិនិយោគរបស់យើងនឹងរួចរាល់នៅឆ្នាំ២០២៥”។
សូមជម្រាបថា ក្រុមហ៊ុន អេមរុរ៉ាយស៍ (Amru Rice Co., Ltd) ដែលជាក្រុមហ៊ុននាំចេញអង្ករឈានមុខគេមួយនៅកម្ពុជា បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវឃ្លាំងនិងឡសម្ងួតស្រូវដ៏ទំនើបបំផុតមួយ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលជាមុខមាត់ថ្មីរបស់ខេត្តមណ្ឌលគិរី ក្នុងការជំរុញវិស័យកសិកម្មឱ្យបានជឿនលឿន ពិសេសប្រជាជនប្រមាណ ៧០% ក្នុងស្រុកកោះញ៉ែក ជាកសិករ នឹងកាន់តែមានភាពងាយស្រួល ដោយមិនបារម្ភពីកត្តាខ្វះទីផ្សារទៀតនោះទេ៕