អ្នកឧកញ៉ា បណ្ឌិត សំ សុខនឿន ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុន SAM SN GROUPបាន ប្រគល់សៀវភៅ «គ្រឹះនៃជីវិតអ្នកឧកញ៉ា សំ សុខនឿន ក្នុងមាគ៌ាអចលនទ្រព្យ» ចំនួន ៥ក្បាល ជូនដល់បណ្ណាល័យសម្តេចតេជោ ហ៊ុន សែន តាមរយៈ លោក នៅ វណ្ណា ដែលជាប្រធានបណ្ណាល័យ សម្តេចតេជោ ហ៊ុន សែន។

ការប្រគល់ជូនសៀវភៅ ដែលនិពន្ធឡើងបង្ហាញ និងផ្ដល់បទពិសោធន៍ពី ចំណេះដឹង ជំនាញ និងព័ត៌មានក្នុងវិស័យអចលនទ្រព្យពីសំណាក់ អ្នកឧកញ៉ា បណ្ឌិត សំ សុខនឿននេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
អ្នកឧកញ៉ាបណ្ឌិតបានលើកឡើងថា ការប្រគល់សំណៅឯកសារពាក់ព័ន្ធនឹងការកសាងគ្រឹះក្នុងវិស័យអចលនទ្រព្យ ដឹកនាំជីវិត និងអាជីវកម្មរបស់អ្នកឧកញ៉ា សំ សុខនឿន ដល់បណ្ណាល័យនាពេលនេះ គឺដើម្បីតម្កល់ជាប្រយោជន៍ដល់ការសិក្សាជ្រាវរបស់សិស្ស និស្សិត បញ្ញវ័ន សាស្រ្តាចារ្យ និងមហាជន ទុកជាឯកសារបន្ថែម។
សូមជម្រាបថា អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន គឺជាប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុន SAM SN GROUP និងជាអ្នកជំនាញអចលនទ្រព្យមួយរូបនៅកម្ពុជា។ ឆ្លងកាត់បទពិសោធន៍យ៉ាងច្រើននៅក្នុងវិស័យអចលនទ្រព្យនេះហើយ ទើបធ្វើឱ្យអ្នកឧកញ៉ា សម្រេចចិត្តសរសេរចងក្រងបទពិសោធន៍ជីវិត ទាំងការសិក្សា ការងារ ជំនួញ ទំនាក់ទំនង ជាពិសេសនោះ គឺគន្លឹះក្នុងមាគ៌ាអចលនទ្រព្យ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋសិក្សាឈ្វេងយល់ដើរលើវិថីមួយនេះឲ្យបានជោគជ័យគ្រប់ៗគ្នា៕


