នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំអេចប្រេស និងថ្នាក់ដឹកនាំ បានអញ្ជើញចូលរួមពិធីចុះកិច្ចសន្យាសហការគ្នាជាផ្លូវការវាងក្រុមហ៊ុនវិរ: ប៊ុនថាំ និងក្រុមហ៊ុនដឹកអ្នកដំណើរប្រចាំប្រទេសថៃ บขส. នៅទីក្រុងបាងកក។

តាមការឱ្យដឹងពីក្រុមហ៊ុន វិរៈ ប៊ុនថាំអេចប្រេស ស្ថានីយដឹកអ្នកដំណើរ ម័រឈីត (Mochit Bus Terminal) ប្រចាំប្រទេសថៃ នឹងផ្តល់ភាពងាយស្រួលសម្រាប់អ្នកដំណើរឆ្លងដែនដោយមិនចាំបាច់ប្តូររថយន្តតាមច្រកនានាកម្ពុជា-ថៃ ហើយក្រុមហ៊ុនរំពឹងថាកិច្ចសហការនេះ នឹងអាចជួយបង្កើនភ្ញៀវទេសចរណ៍ចូលមកទស្សនាប្រទេសកម្ពុជាបន្ថែមទៀតផងដែរ។ ក្រុមហ៊ុន ក៏សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនដឹកអ្នកដំណើរធំបំផុតប្រចាំប្រទេសថៃ ដែលជាក្រុមហ៊ុនវិនិយោគឯកជន និងរដ្ឋថៃ ដែលបានផ្តល់ការទុកចិត្តចំពោះក្រុមហ៊ុនវិរ: ប៊ុនថាំ។
សូមជម្រាបថា កិច្ចសហការនេះនឹងមានការបើកបម្រើសេវាឡានក្រុងអន្តរជាតិ កម្ពុជា-ថៃ ចំនួន២ខ្សែ គឺបាងកក-សៀមរាប និងបាងកក-ភ្នំពេញ ដោយចាប់ផ្តើមពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ តទៅ ដើម្បីសម្រួលដល់ភ្ញៀវទេសចរក្នុងអំឡុងពេល រដូវកាលទេសចរណ៍ (រដូវខ្ពស់) និងការធ្វើដំណើរតភ្ជាប់រវាងប្រទេសទាំងពីរជាមួយនឹងប្រព័ន្ធដឹកជញ្ជូនសាធារណៈប្រកបដោយភាពងាយស្រួល រហ័ស និងសុវត្ថិភាព។
ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស គឺជាក្រុមហ៊ុនខ្មែរ ដែលឈានមុខគេតែមួយគត់ក្នុងប្រទេសកម្ពុជា សម្រាប់សេវាកម្មដឹកអ្នកដំណើរ និងសេវាកម្មបញ្ញើទំនិញ ទៅដល់គ្រប់កន្លែងទាំងអស់ មិនថាតំបន់ដាច់ស្រយាលនោះទេ៕







