នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង បានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ ២០២៥ ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅទីស្តីការក្រសួង។

ពិធីបិទសន្និបាតនេះ មានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួង ក្រុមប្រឹក្សារាជធានី ខេត្ត អភិបាលរាជធានី ខេត្ត តំណាងសមាគមមួយចំនួន រួមទាំងតំណាងសភាពាណិជ្ជកម្មកម្ពុជា សរុបប្រមាណជាង ២២០០នាក់។ ក្នុងនោះដែរ គេក៏ឃើញមានវត្តមាន លោកអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា, អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នឹងជាប្រធានសម្របសម្រួលក្រុមការងារទាំង១៦ ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន, ឧកញ៉ា តាន់ មុនីវណ្ណ, ឧកញ៉ា នួន ពេជ្រ សុផល, ឧកញ៉ា វ៉ាន់ ឆារស៍ជួន និងឧកញ៉ា តែ ភ័ណ្ឌណូរ៉ា។
ថ្លែងក្នុងពិធីនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើការវាយតម្លៃជារួមថា ចាប់តាំងពីដើមអាណត្តិទី៧ មកដល់ដំណាច់ឆ្នាំ២០២៤នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រេចបាននូវសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់ ឆ្លើយតបបានទៅនឹងអាទិភាពនៃយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ពិសេសការបន្តការកែទម្រង់វិស័យដីធ្លីតាមរយៈការចុះបញ្ជីដីធ្លីបង្ហើយ ការបន្តដោះស្រាយវិវាទដីធ្លីតាមរយៈយន្តការរបស់ក្រសួង យន្តការរបស់គណៈ កម្មការសុរិយោដី និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ព្រមទាំងការបន្តជំរុញការដោះស្រាយបញ្ហាបុរី ដោយឈរលើស្មារតីយោគយល់គ្នាក្នុងគ្រាលំបាកផងដែរ៕








