បន្ទាប់ពីបរិច្ចាគថវិកា ១០០លានរៀល ជូនសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និង១០០លានរៀលទៀតជូនដល់មូលនិធិ សម្រាប់ជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់កាលពីថ្មីៗកន្លងទៅនោះ នៅល្ងាចថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ លោកឧកញ៉ាចិត្តធម៌ គួច ម៉េងលី និងលោកជំទាវ បានបន្តបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន៤០លានរៀល ជូននាយករដ្ឋមន្ត្រី ដើម្បីទិញវ៉ាក់សាំងជំងឺកូវីដ-១៩ ដែលកំពុងរាតល្បាតចូលដល់សហគមន៍។
ការចូលរួមបរិច្ចាគថវិកាចំនួន២០០លានរៀល ស្មើនឹង៥ម៉ឺនដុល្លារ សម្រាប់ចុះជួយជនរងគ្រោះដោយសារទឹកជំនន់ និង៤០លានរៀល ស្មើនឹង១ម៉ឺនដុល្លារ សម្រាប់ទិញវ៉ាក់សាំងជំងឺកូវីដ-១៩នោះ កាលពីថ្មីៗកន្លងទៅ លោកឧកញ៉ាចិត្តធម៌វេជ្ជបណ្ឌិត គួច ម៉េងលី ក៏បានចំណាយថវិកាចំនួន១៦០លានរៀល ស្មើនឹង៤ម៉ឺនដុល្លារសហរដ្ឋអាមេរិក សម្រាប់ចុះជួយប្រជាជនកម្ពុជាចំនួន២,២០៩គ្រួសារ ដែលជួបវិបត្តិសេដ្ឋកិច្ចដោយសារជំងឺកូវីដ១៩ នៅក្នុងឃុំបន្ទាយដែក និងឃុំគគី ស្រុកកៀនស្វាយ ចំនួន២លើក ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ចំនួន៦លើក អង្គការផ្ទះបាយកុមារ ចំនួន១លើក អង្គការជនពិការកម្ពុជាចំនួន១លើក អង្គការកុមារដ្ឋានម្លប់ ខេត្តកណ្ដាល ចំនួន១លើក ប្រគេនព្រះសង្ឃនៅវត្តក្ដីតាកុយ ចំនួន១លើក វត្តពុទ្ធស្ថាន ចំនួន១លើក និងវត្តវាលស្បូវ ចំនួន១លើក និងបុគ្គលិករបស់លោកចំនួន១០លើកផងដែរ។
លើសពីនេះ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ក៏បានចុះជួយជនរងគ្រោះដោយសារទឹកជំនន់ចំនួន២៥៦គ្រួសារ ស្ថិតនៅក្នុងសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីបរិច្ចាគស្បៀងអាហារសម្រាប់សម្រាលជីវភាពដល់ជនរងគ្រោះ និងប្រជាពលរដ្ឋដែលខ្វះខាតដោយសារទឹកជំនន់ផងដែរ។
ក្រៅពីបរិច្ចាគខាងលើនេះ លោកឧកញ៉ាចិត្តធម៌ គួច ម៉េងលី ក៏ធ្លាប់បានបរិច្ចាគថវិកាចំនួន១ម៉ឺនដុល្លារ សម្រាប់ជួយដល់ជនរងគ្រោះដោយសាររលំបាក់អគារ នៅខេត្តព្រះសីហនុ និង១ម៉ឺនដុល្លារ សម្រាប់ជនរងគ្រោះរលំបាក់អគារនៅខេត្តកែប ព្រមទាំងមានសកម្មភាពមនុស្សធម៌ផ្សេងៗជាច្រើនទៀតតាំងពីឆ្នាំ២០០៥។ នេះបើតាមមូលនិធិ ម៉េងលី ជេ. គួច ធ្លាប់បញ្ជាក់ដល់សារព័ត៌មាន The Intercon Rooster។
ចំពោះការបច្ចាគ និងរួមចំណែកនៅក្នុងសង្គមជាមួយរាជរដ្ឋាភិបាលនេះ បើតាមលោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ធ្លាប់បានអះអាងថា រាល់សកម្មភាពមនុស្សធម៌របស់លោកតាំងពីដើមរហូតមកទល់បច្ចុប្បន្ននេះ គឺមិនមែនដោយសារលោកជាអ្នកមាន ឬជាមហាសេដ្ឋីនោះទេ តែដោយសារលោកយល់ពីទុក្ខលំបាករបស់អ្នកក្រ និងជនងាយរងគ្រោះ។ លើសពីនេះ លោកឧកញ៉ា វេជ្ជបណ្ឌិត បន្ថែមថា រាល់ការធ្វើអាជីវកម្ម ឬបើកក្រុមហ៊ុននៅក្នុងសង្គមណាមួយ ហើយបើយើងទទួលផលពីសង្គមណា យើងគួរផ្ដល់ផលទៅសង្គមនោះវិញតាមដែលអាចធ្វើទៅបាន។
គួររម្លឹកថា លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ជាស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន និងជានាយកប្រតិបត្តិ នៃមូលនិធិ ម៉េងលី ជេ. គួច៕