អ្នកឧកញ៉ា គិត ម៉េង ដឹកនាំក្រុមការងារចូលរួមពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM)”

ជុំវិញ​ឧកញ៉ា

នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារ ហៃយ៉ាត់ រឺជិនស៊ី ភ្នំពេញ ដែលរៀបចំដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.), អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង១៦ផ្នែកឯកជន នឹងដឹកនាំសហប្រធានក្រុមការងារទាំង១៦ផ្នែកឯកជន និងសមាជិកសមាជិកាសំខាន់ៗនៃសភាពាណិជ្ជកម្មកម្ពុជា ចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក.អ.ក. និងទាំងមន្ត្រីគ្រប់លំដាន់ថ្នាក់នៃក.អ.ក  ជាពិសេសវត្តមានថ្នាក់ដឹកនាំសំខាន់ៗ ពីក្រសួង-ស្ថាប័នរដ្ឋាភិបាល និងឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងតំណាងអង្គទូត និងសភាពាណិជ្ជកម្មកម្ពុជាតំណាងវិស័យឯកជន ក្រុមហ៊ុន សមាគមពាក់ព័ន្ធជាច្រើន និងមានការចូលរួមពី អភិបាលនៃគណអភិបាលខេត្តមួយចំនួន នៃ អាណត្តិទី៧ នៃរដ្ឋសភា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងគោលបំណងជំរុញការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងចូលរួមគាំទ្រ ការអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក.អ.ក. បានរៀបចំ ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (CDC Investment Project Management) ហៅកាត់ថា “ប្រព័ន្ធ cdcIPM” ដោយមានអនុលោមភាព ជាមួយនឹង អនុក្រឹត្យ ស្តីពីការអនុវត្តច្បាប់ ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា។ ប្រព័ន្ធ cdcIPM នេះផ្តល់លទ្ធភាពឱ្យ វិនិយោគិន ដាក់ពាក្យដោយផ្ទាល់ពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដើម្បីសម្រួលកិច្ចវិនិយោគ ឱ្យកាន់តែមានភាព ងាយស្រួល កាត់បន្ថយពេលវេលា ធានាបាននូវតម្លាភាព សុក្រឹតភាព និងប្រសិទ្ធភាព ព្រមទាំង ចូលរួមកសាង សេដ្ឋកិច្ច និងសង្គមឌីជីថល និងរដ្ឋាភិបាលឌីជីថលនៅកម្ពុជា ហើយរាជរដ្ឋាភិបាលនិងកំពុងខិតខំប្រឹងប្រែង ទាក់ទាញអ្នកវិនិយោគ ឱ្យមកបណ្តាក់ទុននៅកម្ពុជា ដើម្បីចូលរួមបង្កើតការងារ ជូនបងប្អូនប្រជាពលរដ្ឋ ជំរុញកំណើនសេដ្ឋកិច្ចជាតិ ឆ្ពោះទៅសម្រេចឱ្យបាន នូវចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលខ្ពស់ ត្រឹមឆ្នាំ២០៥០ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ វែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានក.អ.ក.។

សភាពាណិជ្ជកម្មកម្ពុជា ក្នុងនាមវិស័យឯកជន បានស្នើសុំអោយថ្នាក់ដឹកនាំ ធ្វើយ៉ាងណា រាល់ក្រសួងពាក់ព័ន្ធ ឬក្រសួង ស្ថាប័ន រាជរដ្ឋាភិបាល ចូលរួមផ្តល់ភាពងាយស្រួល ជាមួយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា  ដើម្បីធ្វើការតភ្ជាប់ប្រព័ន្ធគ្រប់គ្រងវិនិយោគកម្ពុជា ទៅកាន់ប្រព័ន្ធនៃក្រសួងទាំងនោះ។ នេះគឺជាប្រព័ន្ធមួយដែលបានផ្តល់ភាពងាយស្រួលដល់វិនិយោគិន ដើម្បីកុំឱ្យមានភាពស្មុគស្មាញ និងជួយសម្របសម្រួលដល់វិនិយោគិន ក្នុងការដាក់ទុនវិនិយោគនៅកម្ពុជា បានកាន់តែងាយស្រួល និងមានទំនុកចិត្តមកវិនិយោគកាន់តែច្រើនបន្ថែមទៀត។

ជាមួយគ្នានេះ ក្នុងនាមសភាពាណិជ្ជកម្មកម្ពុជា ក៏សូមជំរុញសមាជិកសមាជិកា និងវិស័យឯកជនដែលជាធុរជន និងវិនិយោគិន ជាតិ អន្តរជាតិ ងាកមកជួយផ្សេព្វផ្សាយ អំពីប្រព័ន្ធ cdcIPM នេះ អោយបានទូលំទូលាយ ដែលប្រព័ន្ធនេះផងអាចនាំមកនូវដែគូវិនិយោគពីក្រៅប្រទេសផងដែរ។ ហើយក៏សូមលើកទឹកចិត្តឱ្យរាជរដ្ឋាភិបាលបន្តគាំទ្រវិស័យឯកជន ជារួមនឹងបន្តធ្វើការជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធ្វើឱ្យបរិយាកាសវិនិយោគ និងពាណិជ្ជកម្មមានភាពស្វាហាប់ និងមានលទ្ធផលតម្រង់ទិស តាមរយៈ “ប្រព័ន្ធcdcIPM” ដែលនឹងជួយធានាឱ្យមានតម្លាភាព និងប្រសិទ្ធភាព និងសម្រួលដល់ការវិនិយោគ៕