ឧកញ៉ា វ៉ាន់ ឆារស៍ជួន នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានបង្ហើបឱ្យដឹងថា មកទល់ពេលនេះ អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់ជំហាន១ បានប្រមាណ ៩២% ស្មើនឹងទឹកប្រាក់ ១,៣៣៦លានដុល្លារ និងគ្រោងបើកដំណើរការជាផ្លូវការ នៅឆ្នាំ២០២៥ តាមផែនការគ្រោងទុក។

ក្នុងឱកាសចុះទស្សនកិច្ច នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលមានការចូលរួម ពីឯកអគ្គរដ្ឋទូតចំនួន៤ប្រទេស ដែលប្រចាំនៅកម្ពុជា នៅថ្ងៃទី២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧកញ៉ា វ៉ាន់ ឆារស៍ជួន បានលើកឡើងដូច្នេះថា៖ “ការសាងសង់មកទល់ពេលនេះ គឺយើងបានបញ្ចប់ប្រហែល ៩២% ហើយអស់ចំនួនទឹកប្រាក់ ១,៣៣៦លានដុល្លារហើយ។ តាមពេលវេលាដែលយើងគ្រោងទុក យើងនឹងបើកដំណើរការនៅឆ្នាំក្រោយ ២០២៥ ទៅតាមផែនការ មិនមានការរអាក់រអួលអ្វីនោះទេ”។

លោកឧកញ៉ា បានគូសបញ្ជាក់ទៀតថា ព្រលានយន្តហោះអន្តរជាតិតេជោ សាងសង់ឡើងតាមរចនាបថ ហើយបច្ចុប្បន្នក្រុមហ៊ុនកំពុងដំណើរការរៀបចំក្នុងការបិទព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងបើកព្រលានយន្តហោះអន្តរជាតិតេជោ ហើយយន្តហោះដែលមានស្រាប់ទាំងប៉ុន្មាននៅភ្នំពេញ នឹងផ្ទេរទៅចុះចតនៅព្រលានថ្មីទាំងអស់ ព្រមទាំងកំពុងរៀបចំច្រក VVIP សម្រាប់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលផងដែរ។
សូមបញ្ជាក់ថា គម្រោងអាកាសយាន្តដ្ឋានអន្តរជាតិតេជោ ត្រូវបានរាជរដ្ឋាភិបាលបានផ្តល់សិទ្ធិឱ្យក្រុមហ៊ុន CAIC ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន OCIC របស់ លោកអ្នកឧកញ៉ា ពុង ឃាវសែ សាងសង់និងអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោ (ភ្នំពេញថ្មី) នៅខេត្តកណ្តាល និងខេត្តតាកែវ លើផ្ទៃដីទំហំ ២,៦០០ហិចតា ស្ថិតនៅចម្ងាយប្រមាណជាង ២០គីឡូម៉ែត្រពីភាគខាងត្បូងភ្នំពេញ។
អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4Fនេះដែរ គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះ ធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។ គម្រោងសាងសង់អាកាសយានដ្ឋាន អន្តរជាតិតេជោនៅទីនេះ ក្រោមទឹកប្រាក់វិនិយោគ ១,៥០០ លានដុល្លារ សម្រាប់ដំណាក់កាលទី១ ដោយមិនគិតបញ្ចូលថ្លៃដីព្រលានយន្តហោះ។ ក្រុមហ៊ុនវិនិយោគ មានមហិច្ឆិតាអភិវឌ្ឍន៍ ជាព្រលានយន្តហោះថ្មីនេះ ឱ្យធំ និងទំនើបជាងគេនៅតំបន់អាស៊ីផងដែរ៕



