ឡឺ បូកគោ ផាឡេស គឺជាសំណង់អគារប្រវតិ្តសាស្រ្តមួយដែលធ្លាប់ជាសណ្ឋាគារដ៏ធំស្កឹមស្កៃ និងស្រស់ស្អាតនាសម័យក្រោមអាណានិគមនិយមបារាំង និងសង្គមរាស្រ្តនិយម។ ចាប់តាំងពីសម្ពោធដំបូងនៅឆ្នាំ១៩២៥ មកទល់បច្ចុប្បន្ន សណ្ឋាគារមួយនេះ បានបើក-បិទ និងបើកដំណើរការឡើងវិញ សរុបចំនួន ៣លើកមកហើយ។

ក្រោយពីត្រូវបានគេបោះបង់ចោលអស់រយៈពេលជាយូរ សណ្ឋាគារមួយនេះក៏បានកែប្រែមុខមាត់ថ្មីទៅតាមសម័យកាល ប៉ុន្តែអគារទាំងមូលនៅតែមានសភាពរឹងមាំនៅឡើយរហូតដល់សព្វថ្ងៃនេះ ហើយនាពេលបច្ចុប្បន្ន ឡឺ បូកគោ ផាឡេស ត្រូវបានគេកំពុងជួលជុលអភិវឌ្ឍ និងលាបពណ៌ឡើងវិញដោយរក្សាទុកនូវទម្រង់ដើមទាំងស្រុង ព្រមទាំងកំពុងបើកដំណើរការទទួលភ្ញៀវស្នាក់នៅបានជាធម្មតាផងដែរ។
តាមក្រុមហ៊ុន សុខា អូតែល បានឱ្យដឹងថា សណ្ឋាគារ ឡឺ បូកគោ ផាឡេស ជាសណ្ឋាគារដ៏ប្រណីត និងប្រវត្តិសាស្រ្តតាំងពីទសវត្សរ៍ឆ្នាំ ១៩២០ ដែលបានបើកសម្ពោធលើកទី១ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ១៩២៥ ដោយលោក François-Marius Baudoin អ្នកប្រចាំការជាន់ខ្ពស់នៅកម្ពុជា និងបើកដំណើរការលើកទី២ ក្នុងខែមករា ឆ្នាំ១៩៦២ ដោយព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងលើកទី៣ នៅត្រីមាសទី ១ នៃឆ្នាំ២០១៨ ដោយក្រុមហ៊ុនសុខា អូតែល។
បច្ចុប្បន្ន សណ្ឋាគារ ឡឺ បូកគោ ផាឡេស គឺជាកន្លែងរៀបចំពិធីជប់លៀង ការស្នាក់នៅបែបទេសចរណ៍ នៅលើកំពូលភ្នំបូកគោ ជាមួយនឹងទេសភាពដ៏ស្រស់ស្អាត និងអាកាសធាតុត្រជាក់ ផ្តល់នូវបរិយាកាសល្អស្រស់ស្រាយ ដែលល្អឥតខ្ចោះសម្រាប់ការជួបជុំនានា ពិសេសមានបន្ទប់ដ៏ប្រណីត ត្រូវបានរចនាយ៉ាងពិសេស និងមានបន្ទប់គេងធំទូលាយ អមដោយកន្លែងទទួលភ្ញៀវស្រស់ស្អាតផងដែរ៕






