ជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ចូលរួមពិធីរត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត លើកទី២៩

ជុំវិញ​ឧកញ៉ា

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ និងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា កាលពីព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញចូលរួមពិធីរត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត លើកទី២៩ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា “ឆ្នាំនេះកម្ពុជាបំបែកកំណត់ត្រាថ្មីមានអ្នករត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត មានអ្នកចូលរួមជិត១ម៉ឺន ៤ពានាក់ មកពី៨៧ប្រទេស។ ការចូលរួមរបស់កីឡាករអាជីព និងមិនអាជីពទាំងអស់ គឺជាសក្ខីភាពជាក់ស្តែងយ៉ាងច្បាស់ពីសន្តិភាព និងស្ថិរភាពនយោបាយនៅកម្ពុជា”។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើដល់តួអង្គទាំងអស់ដែលបានរៀបចំកម្មវិធីនេះ។ នេះជាមោទនភាពរបស់ជាតិយើងដែលបានទទួលអត្តពលិកជាតិ និងអន្តរជាតិ មានអ្នកចូលរួមរត់រហូតដល់ជាង១ម៉ឺននាក់ នៅតំបន់ប្រាសាទបេតិកភណ្ឌរបស់យើង។

សម្តេចធិបតី បានបន្តថា “កីឡារស់នៅក្នុងសន្តិភាព គឺជាពាក្យស្លោកដែលស័ក្តិសម សម្រាប់កម្ពុជា”។

បើតាមឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានថ្លែងថា “សម្រាប់ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត លើកទី២៩ ឆ្នាំ២០២៤ នេះ បានស្រូបទាញអ្នកចូលរួមសរុបចំនួន ១៣,៨៧៧ នាក់ ក្នុងនោះ អត្តពលិកខ្មែរ ចំនួន ១០,៥៣២នាក់ និងអត្តពលិកអន្តរជាតិចំនួន ៣,៣៤៥នាក់ មកពី ៨៧ប្រទេស ដោយមានការកើនឡើង ២៥% ធៀបនឹង ឆ្នាំ២០២៣ ដែលប្រទេសចូលរួមច្រើនជាងគេគឺ ចក្រភពអង់គ្លេស បារាំង អូស្ត្រាលី និង ជប៉ុន”។

ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៦ ក្រោម កិច្ចសហប្រតិបត្តិការរវាង មូលនិធិគាំទ្ររបស់អង្គការសហប្រជាជាតិ (The Foundation For The Support Of The United Nations) ដោយ ឯកឧត្តម Yasushi Akashi អគ្គលេខាធិការនៃអ៊ុនតាក់ នៅកម្ពុជា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងគោលបំណងគាំទ្រជនរងគ្រោះដោយសារមីន និងជនពិការក្នុងប្រទេសកម្ពុជា ក្រោយសង្គ្រាមស៊ីវិល។ គំនិតផ្តួចផ្តើមដំបូងនៃព្រឹត្តិការណ៍រត់អន្តរជាតិនេះ គឺជាព្រឹត្តិការណ៍សប្បុរសធម៌សុទ្ធសាធ ដែលទទួលបានអនុញ្ញាតជាគោលការណ៍គាំទ្រយ៉ាងពេញទំហឹង ពីរាជរដ្ឋាភិបាល និងគាំទ្របច្ចេកទេសកម្រិតស្តង់ដារត់ប្រណាំងអន្តរជាតិដោយគណៈកម្មាធិការម៉ារ៉ាតុង ពិភពលោក (IAAF & AIMS)៕