រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តឱ្យអ្នកឧកញ៉ា លី ឃុនថៃ បន្តខិតខំជំរុញការនាំចេញផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ

ជុំវិញ​ឧកញ៉ា

លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកទឹកចិត្តឱ្យ អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា បន្តខិតខំប្រឹងប្រែងចូលរួមជាមួយក្រសួងពាណិជ្ជកម្ម និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការនាំចេញផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងពិធីពិសាភោជនាហារសាមគ្គីប្រចាំឆ្នាំរបស់សមាជិកសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា កាលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅណាហ្គាវើលដ៍ លោកស្រីរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យអ្នកឧកញ៉ា លី ឃុនថៃ និងសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា បន្តខិតខំប្រឹងប្រែងចូលរួមជាមួយក្រសួងពាណិជ្ជកម្ម និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការនាំចេញទៅកាន់ទីផ្សារសំខាន់ទាំងក្នុងតំបន់ និងសកលលោក តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាជាសមាជិក និងប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មនានា ព្រមទាំងការពង្រឹងគុណភាព ការកសាងកេរិ៍្តឈ្មោះ និងនវានុវត្តន៍ផលិតផលនៅកម្ពុជា «ផលិតនៅកម្ពុជា – Made in Cambodia» ទៅកាន់ទីផ្សារតំបន់ និងពិភពលោក។

លោកស្រីរដ្ឋមន្ត្រី បន្តថា វិស័យផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា គឺជាវិស័យអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយតាមរយៈនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧ ដើម្បីជាផែនទីក្នុងការអភិវឌ្ឍវិស័យនេះទៅជាឧស្សាហកម្ម ប្រកបដោយចីរភាពបរិស្ថាន មានភាពធន់ មានតម្លៃបន្ថែមខ្ពស់ ផ្តោតលើផលិតផលថ្លៃខ្ពស់និងមានលក្ខណៈពិសេស។

ជាមួយគ្នានេះ លោកស្រីរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលដែលសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជាសម្រេចបាន ដែលពិតជាចូលរួមចំណែកសំខាន់ក្នុងការជំរុញអភិវឌ្ឍន៍វិស័យនេះ ឱ្យកាន់តែរីកចម្រើន មានភាពធន់ និងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ ជាពិសេសនៅពេលកម្ពុជា ចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច នាពេលខាងមុខ។

សូមជម្រាបថា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ អ្នកឧកញ៉ា លី ឃុនថៃ បានថ្លែងប្រាប់ដល់ ឧកញ៉ា ញូស៍ ឱ្យដឹងថា វិស័យស្បែកជើង និងផលិតផលធ្វើដំណើរ នៅក្នុងឆ្នាំ២០២៤ មានការនាំចេញ កើនឡើងជាង២០% បើធៀបនឹងឆ្នាំ២០២៣ ខណៈការបញ្ជារទិញក៏មានច្រើនគួរឱ្យកត់សម្គាល់។ អ្នកឧកញ៉ាបញ្ជាក់ថា ការបញ្ជារទិញច្រើនបែបនេះ គឺដោយសារតែស្ថានភាពនយោបាយនៅកម្ពុជាមានភាពនឹងនរ ចំណែកឯការបញ្ជារទិញ និងរោងចក្រ មានទំនុកចិត្ដកាន់តែខ្លាំង។ នៅក្នុងឆ្នាំ២០២៥ អ្នកឧកញ៉ា រំពឹងថាការបញ្ជារទិញផលិតផលធ្វើដំណើរ និងស្បែកជើងនៅកម្ពុជា នឹងកាន់តែកើនឡើងបន្ថែមទៀត ក្នុងរង្វង់យ៉ាងតិច២០ ទៅ៣០% ផងដែរ៕