អ្នកឧកញ៉ា សួរ វីរៈ សម្ពោធអគារសាលាមតេយ្យសិក្សា និងសមិទ្ធផលផ្សេងៗ សរុបទឹកប្រាក់ជិត ១៦ម៉ឺនដុល្លារ នៅស្រុកកំណើត

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈប៊ុនថាំ និងលោកជំទាវ ប៊ុន ចន្ធូ នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអាគារសិក្សាចំនួន ១ខ្នងមាន ៤បន្ទប់ និងសមិទ្ធផលនានាជាច្រើនទៀតក្នុងបរិវេណសាលាមតេយ្យសិក្សាធនធានព្រះនាង ដែលចំណាយថវិកាអស់សរុបចំនួន ១៥៧ ០០០ដុល្លារអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងឱកាសនោះ អ្នកឧកញ៉ា សួរ វីរៈ បានបង្ហាញក្ដីសង្ឃឹមថា សិស្សានុសិស្សទាំងអស់នៃសាលាមេត្ដេយ្យធនធានព្រះនាងនេះ គឺអាចធ្វើការសិក្សានៅក្នុងអគារសិក្សា ដែលមានបរិស្ថានប្រកបដោយសុវត្ថិភាព ផាសុខភាព និងចំណេះដឹង។

អ្នកឧកញ៉ា បានចាត់ទុកកុមារ គឺជាធនធានដែលមិនអាចខ្វះបានសម្រាប់អភិវឌ្ឍប្រទេសជាតិនាពេលអនាគត ដោយកុមារគឺជាទំពាំងស្នងឫស្សី និងជាសសរទ្រូងសម្រាប់ប្រទេសជាតិ។ កុមារត្រូវតែទទួលបានការថែទាំ អប់រំយ៉ាងយកចិត្ដទុកដាក់ ទាំងផ្នែកចំណេះដឹង ស្មារតី មនសិកាស្នេហាជាតិ សីលធម៌ សុជីវធម៌ នៅក្នុងការរស់នៅប្រចាំថ្ងៃ ហើយត្រូវនាំគ្នាប្រឆាំងដាច់ខាត រាល់ការរើសអើង ការជួយដូរ កេងប្រវ័ញ្ចកម្លាំងពលកម្ម និងផ្លូវភេទលើកុមារផងដែរ។ ជាងនេះទៅទៀត យើងទាំងអស់គ្នាក៏ត្រូវប្ដេជ្ញាចិត្ដឱ្យបានខ្ពស់ ដើម្បីបញ្ចប់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ ជំរុញដល់ការអនុវត្ដសិទ្ធិកុមារទប់ស្កាត់អំពើហឹង្សាលើកុមារ រួមទាំងចូលរួមបញ្ចប់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ នៅជុំវិញពិភពលោក និយាយជារួម និងនិយាយដោយឡែកកុមារ នៅក្នុងប្រទេសកម្ពុជាតែម្ដង។

អ្នកឧកញ៉ា សួរ វីរៈ បានគូសបញ្ជាក់ផងដែរថា ការឧបត្ថម្ភរបស់អ្នកឧកញ៉ា និងលោកជំទាវមកកាន់សាលាមតេយ្យសិក្សាធនធានព្រះនាង គឺមិនមែនត្រឹមតែអាគារសិក្សា ១ខ្នង មាន ៤បន្ទប់សិក្សានោះទេ តែក្នុងនោះក៏រួមបញ្ចូលផងដែរនូវខ្លោងទ្វារសាលារៀន ផ្លូវបេតុងមានប្រវែង ៦១ម៉ែត្រ ទទឹង ៣,៨០ម៉ែត្រ, អាហារដ្ឋានមានប្រវែង ២៨,៨ម៉ែត្រ ទទឹង ៦ម៉ែត្រ, សួនកំសាន្តកុមារ សួនកីឡា និងអប់រំកាយ, តារាងបាល់ទាត់ និងតារាងបាល់បោះសម្រាប់កុមារ, ដាំដើមឈើ និងក្រាលស្មៅ ជុំវិញបរិវេណសាលា, ប្រព័ន្ធរំដោះទឹកប្រវែង ១៧២ម៉ែត្រ ដែលបានចាប់ផ្តើមនៃការសាងសង់កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ។

តាមការឱ្យដឹង ការឧបត្ថម្ភនូវអគារសិក្សានិងសមិទ្ធផលផ្សេងៗទៀត គឺថវិកាបានមកពីការចូលរួមចំណែកពីអ្នកឧកញ៉ា សួរ វីរៈ និងលោកជំទាវ ប៊ុន ចន្ធូ ដោយកាត់ថវិកាជាប្រចាំខែពីក្រុមហ៊ុន វិរៈ ប៊ុនថាំ និងមានការចូលរួមចំណែកពីបុគ្គលិកនៃ មហាគ្រួសារ ក្រុមហ៊ុន វិរៈ ប៊ុនថាំ ទូទាំងប្រទេសផងដែរ។

បេសកកម្មជួយដល់ការងារសង្គម អភិវឌ្ឍប្រទេសជាតិ និងចូលរួមក្នុងចលនាវប្បធម៌ចែករំលែក ដើម្បីកម្ពុជា មហាគ្រួសារវីរៈប៊ុនថាំ ដែលមានអ្នកឧកញ៉ា សួរ វីរៈ ជាអគ្គនាយក តែងតែចូលរួមជួយ និងធ្វើកម្មវិធីសប្បុរសធម៌នានាជាច្រើន ដូចជាចូលរួមជាមួយកាកបាទក្រហមកម្ពុជា និងជួយឧបត្ថម្ភដល់មន្ទីពេទ្យគន្ធបុប្ផាជាដើម ខណៈកាលពីពេលថ្មីៗ អ្នកឧកញ៉ា សួរ វីរៈ និងលោកជំទាវ ក៏ទើបតែបានឧបត្ថម្ភអគារសិក្សាចំនួន ១ខ្នង មានចំនួន ៤បន្ទប់សិក្សា និង ៤បន្ទប់ទឹក ដែលបំពាក់នូវសម្ភារសិក្សាបែបទំនើប បច្ចេកវិទ្យាថ្មី ជាមួយរូបរាងអាគារថ្មីទំនើប ដល់សាលាបឋមសិក្សាវត្តព្រះនាង ស្រុកស្ទោង ខេត្តកំពង់ធំផងដែរ។

សូមជម្រាបថា អ្នកឧកញ៉ា សួរ វីរៈ ជាម្ចាស់ក្រុមហ៊ុន វិរៈប៊ុនថាំ គ្រុប ដែលបច្ចុប្បន្នមានក្រុមហ៊ុនបុត្រសម្ព័ន្ធដូចជា៖ រថយន្តជួលប្រណិត, រថយន្តក្រុងប្រណិត និង Air Bus, រថយន្តគ្រែគេងយប់ប្រណិតដំបូងគេក្នុងប្រទេសតាំងពីឆ្នាំ២០០៦, រថយន្តសម្រាប់ដឹកទំនិញ, ទូកល្បឿនលឿន Buva Sea, សណ្ឋាគារ រីស៊តជាង១០កន្លែង ដូចជា ឧទ្យានបោះតង់គីរីរម្យ, រំដួលគីរីរម្យ រីស៊ត, សារ៉ារីស៊ត, Eden Beach Resort, Tube Resort, Sandy Beach Resort, Bodega Beach Resort, Apex Koh Kong Hotel, Pidoma Resort, កោះស្តេចរីស៊ត និងកោះអភិជនរីស៊ត ដែលទើបបើកទទួលភ្ញៀវជាផ្លូវការ កាលឆ្នាំ២០២៣ ផងដែរ៕